កងរថក្រោះ​អ៊ីស្រាអែល វាយលុកចូល​ដល់​កណ្តាល​ក្រុង Khan Younis ភាគ​ខាង​ត្បូង​នៃហ្កាហ្សា!

កងកម្លាំងរថក្រោះ របស់អ៊ីស្រាអែល បានវាយចូល ទៅដល់បេះដូងនៃទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូង នៃតំបន់ហ្កាហ្សាហើយ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ។
ខណៈក្រុមមន្ត្រីសុខាភិបាល ក្នុងតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា ចំនួនជនជាតិប៉ាឡេស្ទីន ត្រូវបានសម្លាប់ក្នុងសង្រ្គាមដ៏បង្ហូរឈាម សព្វថ្ងៃកើនដល់ជាង ១៨,០០០​នាក់។

ប្រជាជនប៉ាឡេស្ទីន រស់នៅក្នុងទីក្រុង Khan Younis បាននិយាយថារថក្រោះអ៊ីស្រាអែល បានចូលទៅដល់ផ្លូវសំខាន់ៗនៅភាគខាងជើង និងភាគខាងត្បូងនៃទីក្រុងមួយនេះ ។
បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាពេញមួយយប់ ដែលបានបង្អាក់ដំណើរទៅមុខរបស់កងទ័ពអ៊ីស្រាអែល វាយលុកចេញពីភាគខាងកើត។
ចំណែក យន្ដហោះចម្បាំងអ៊ីស្រាអែលវិញបាន និងកំពុងវាយប្រហារតាមផ្លូវអាកាសលើភាគខាងលិច នៃទីក្រុង Khan Younis។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានអះអាងដែរថាក្រុមអ្នកប្រយុទ្ធហាម៉ាស ជាច្រើននាក់បានទម្លាក់ អាវុធសុំចុះចាញ់ ហើយលោកបានជំរុញឱ្យក្រុមអ្នកប្រយុទ្ធហាម៉ាសផ្សេងទៀតធ្វើដូចគ្នានេះដែរ។
ប៉ុន្តែក្រុមហាម៉ាសបានបដិសេធការអះអាងនេះ ដោយចាត់ទុកថាជាព័ត៌មានក្លែងក្លាយ និងគ្មានមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *