(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ។
ដើម្បីប្រារព្ធព្រះរាជពិធីនេះ ដោយជោគជ័យ សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។
សម្តេចធិបតី បានលើកទឹកចិត្តដល់បណ្តាខេត្ត ក្រុង ដែលនៅជាប់គ្នាឱ្យរៀបចំព្រឹត្តិការណ៍ប្តូរវេនគ្នាដើម្បីបង្កើតផលិតផលទេសចរណ៍ឱ្យបានច្រើនដើម្បីក្រុមហ៊ុនទេសចរណ៍អាចលក់កញ្ចប់ទេសចរណ៍ក្នុងស្រុកបាន។
សម្តេចក៏បានណែនាំឱ្យរៀបចំអង្គរសង្រ្កាន្ត និងសង្រ្កាន្តតាមបណ្តាខេត្តនានា សម្រាប់ឆ្នាំ២០២៥៕