ប្រទេសអូស្ត្រាលីនិងអង់គ្លេស បាននិយាយថា ពួកខ្លួម នឹងចុះសន្ធិសញ្ញាទ្វេភាគី ដើម្បីផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មី ។
ក្រោមភាពជាដៃគូ របស់កិច្ចព្រមព្រៀងសន្តិសុខ AUKUS ដែលរួមបញ្ចូលសហរដ្ឋអាមេរិកផងដែរ..!។
អូស្ត្រាលី នឹងទិញនាវាមុជទឹកអាមេរិក វើជីននៀ (Virginia) ដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក ក្នុងទសវត្សរ៍ក្រោយនេះ ។
ដោយក្រោយមកចក្រភពអង់គ្លេស និងអូស្ត្រាលី នឹងសាងសង់នាវាមុជទឹកប្រភេទ AUKUS ថ្មីនៅទីក្រុងកំពង់ផែ បារ៉ូអ៊ីនហ្វឺនេស (Barrow-in-Furness) របស់អង់គ្លេស និងនៅរដ្ឋ សៅ អូស្ត្រាលី (South Australia) របស់អូស្ត្រាលី ក្រោមកិច្ចព្រមព្រៀង AUKUS ដែលបានប្រកាសកាលឆ្នាំ២០២៣។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាលេស (Richard Marles) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីអង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) នៅទីក្រុងឡុងដ៍្រថា យើងនឹងចរចាសន្ធិសញ្ញាទ្វេភាគី រវាងអូស្ត្រាលី និងចក្រភពអង់គ្លេស ដើម្បីឱ្យផ្នែកនៃ AUKUS ធ្វើការលើនាវាមុជទឹកថ្មី។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយថា ដៃគូរបស់ AUKUS បានធ្វើការពិសោធន៍សំខាន់ៗនៅទូទាំងដីគោក ក្រោមសមុទ្រ និងវិសាលគមអេឡិចត្រូម៉ាញ៉េទិច ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាម ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ សសរស្ដម្ភទីពីរ របស់ AUKUS។
សេចក្តីថ្លែងការណ៍រួមមួយបាននិយាយថា ដៃគូរបស់ AUKUS កំពុងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការអភិវឌ្ឍ និងផ្តល់នូវបច្ចេកវិទ្យាលឿនជាងសំឡេងសម្រាប់ការវាយលុក៕