ទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ(UNHCR) បាននិយាយកាលពីថ្ងៃសុក្រ(ទី២៧ ខែកញ្ញា) ថាមនុស្សជាង៣០.០០០ នាក់ ភាគច្រើនជាជនជាតិស៊ីរី បានភៀសខ្លួនចេញពីប្រទេសលីបង់ ក្នុងរយៈពេល៧២ ម៉ោងចុងក្រោយនេះ។
ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា កាន់តែក្ដៅឡើងហើយ…!។
លោក Gonzalo Vargas Llosa តំណាងអង្គការ UNHCR ប្រចាំប្រទេសស៊ីរី បាននិយាយថា ប្រជាជនប្រហែល៨០% ដែលឆ្លងកាត់គឺជាជនជាតិស៊ីរី ហើយប្រហែល ២០% គឺជាជនជាតិលីបង់។
លោកបាននិយាយបន្តថា ប្រហែលពាក់កណ្តាលនៃចំនួននេះ គឺជាកុមារ និងក្មេងជំទង់ ហើយបុរសកំពុងធ្វើការឆ្លងកាត់ក្នុងចំនួនតិចជាងស្ត្រី។
លោក Vargas Llosa និយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ថា ពួកគេកំពុងឆ្លងកាត់ពីប្រទេសដែលកំពុងមានសង្រ្គាមទៅកាន់ប្រទេសមួយដែលបានប្រឈមមុខរួចទៅហើយទៅនឹងវិបត្តិសង្គ្រាមអស់រយៈពេល១៣ឆ្នាំមកនេះ ដោយលោក ចាត់ទុកថា វាជាជម្រើសដ៏លំបាកបំផុត។
លោកបាននិយាយថា អង្គការ UNHCR បាននឹងកំពុងធ្វើការជាមួយរដ្ឋាភិបាល និងដៃគូរបស់ប្រទេសស៊ីរី ដើម្បីបង្កើនការទទួលយក និងដំណើរការសម្រាប់អ្នកដែលបានមកដល់ ហើយប្រទេសស៊ីរី កំពុងអនុញ្ញាតឱ្យប្រជាជនលីបង់ ចូលមកសម្រាប់ពេលវេលាមិនជាក់លាក់ ដរាបណាពួកគេមានឯកសារមួយចំនួនបង្ហាញឈ្មោះ របស់ពួកគេ។
ប្រទេសលីបង់ បានផ្តល់ទីស្នាក់អាស្រ័យដល់ប្រជាជនស៊ីរីប្រហែល១,៥លាននាក់ ដែលបានភៀសខ្លួនចេញពីសង្រ្គាមស៊ីវិល នៅក្នុងប្រទេសរបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានច្រានចោលការអំពាវនាវជាសកលសម្រាប់បទឈប់បាញ់ ជាមួយក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់៕