ជ្ញាធរអ៊ីស្រាអែល បាននិយាយថា ផ្ទះប្រហែល 100 ខ្នងនៅភាគខាងជើងនៃទីក្រុង Hod Hasharon បានរងការខូចខាត ដោយសារ ការវាយប្រហាររបស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ(ទី១ខែតុលា)។
ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល KAN បានដកស្រង់សម្តីមន្ត្រីទីក្រុងនិយាយកាលពីថ្ងៃពុធថា អគារមួយចំនួនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយនឹងត្រូវចំណាយពេលខ្លះក្នុងការជួសជុល ។
ខណៈដែលអគារជាច្រើនផ្សេងទៀតមានការខូចខាតតិចតួចប៉ុណ្ណោះ។
ក្រោយមកនៅថ្ងៃអង្គារ វិទ្យុកងទ័ពអ៊ីស្រាអែល បានបញ្ជាក់ថា គ្រាប់រ៉ុក្កែតរបស់អ៊ីរ៉ង់ បានធ្លាក់នៅតំបន់ចំហរ ក្នុងទីក្រុង Netanya ដែលមានទីតាំងនៅ Hod Hasharon ដែលជាផ្នែកនៃតំបន់ធំជាង Tel Aviv។
អ៊ីរ៉ង់ បានបាញ់មីស៊ីលបាលីស្ទិកប្រមាណ ១៨០ គ្រាប់ទៅលើអ៊ីស្រាអែល ចំពេលមានភាពតានតឹងកាន់តែខ្លាំងរវាងគូប្រជែងក្នុងតំបន់ទាំងពីរ។
កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បាននិយាយថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតបទៅនឹងការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh មេដឹកនាំ Hezbollah Hassan Nasrallah និងមេបញ្ជាការ IRGC លោក Abbas Nilforoshan ។
គួររំលឹកថា លោក Haniyeh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយក្នុងទីក្រុង Tehran ក្នុងខែកក្កដា ។
ខណៈដែល Nasrallah និង Nilforoshan ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅរដ្ឋធានី Beirut ប្រទេសលីបង់កាលពីសប្តាហ៍មុន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការវាយប្រហារដោយកាំជ្រួច គឺជា កំហុសដ៏ធំមួយ ហើយថា អ៊ីរ៉ង់ នឹងចំណាយសម្រាប់វា។
ការវាយប្រហារនេះកើតឡើងចំពេលដែលអន្តរជាតិមានការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សា និងក្រុមហេសបូឡា លីបង់ដែលកំពុងកើនឡើងទៅជាជម្លោះក្នុងតំបន់កាន់តែធំ៕