លោកមេភូមិថ្លែងថា មន្ត្រីភូមិបាលស្រុកមេសាង ចុះវាស់ដីជាប្រព័ន្ធ គឺបានកំណត់យកលុយ១៥ម៉ឺនរៀលក្នុង១ប្លង់!

(ព្រៃវែង)៖ ពលរដ្ឋបានបញ្ចេញប្រតិកម្មនិងសម្ដែងការមិនពេញចិត្តទៅលើលោក ហ៊ួ វន់ ប្រធានភូមិបាលស្រុកមេសាង ខេត្តព្រៃវែង.!។

ដោយថា លោកប្រធានភូមិបាលស្រុករូបនេះ ប្រើមន្ត្រីក្រោមឱវាទដែលជាដៃជើងរបស់ខ្លួន ឱ្យចុះវាស់វែងដីជាប្រព័ន្ធ ដើម្បីគាបសង្កត់ កំណត់យកលុយពីពលរដ្ឋគ្រប់ៗគ្នា”អាចជាសិល្បៈច្រវាចិញ្ចឹមឆ្ដោ”។

ជាក់ស្តែង ដីនៅជាប់មាត់អូរ ក្នុង១ប្លង់ៗមន្ត្រីបានកំណត់យកលុយពីពលរដ្ឋចាប់ពី១៥ម៉ឺនរៀល ទៅ៤០ម៉ឺនរៀលជាកំហិត.!។
ចំពោះដីដែលម្ចាស់មិននៅផ្ទះ ទៅធ្វើការចំណាកស្រុក មន្ត្រីកំណត់យកចំនួន១.០០០.០០០រៀល ក្នុងការវាស់វែងបំពេញឯកសារ…។

-ករណីនេះលោក មេភូមិប្រហ៊ូតបានទទួលស្គាល់ថា មន្ត្រីភូមិបាលស្រុក.ពិតជាបានកំណត់យកលុយពីពលរដ្ឋ ដែលមានដីជាប់មាត់អូរក្នុង១ប្លង់ ១៥ម៉ឺនរៀលប្រាកដមែន..!។

សូមជម្រាបថា ការវាស់វែងដីជាប្រព័ន្ធ ក្នុងភូមិសាស្ត្រស្រុកមេសាង ជាក់ស្តែងនៅអំឡុងឆ្នាំ២០២៤..។

សេចក្តីរាយការណ៍បានប្រាប់(ដើមរាំង)ថា ពលរដ្ឋប្រមាណជាង២០គ្រួសារ ដែលមានដីស្រែនៅជាប់ដងព្រែកប្រហ៊ូត ក្នុងភូមិប្រហ៊ូត ឃុំត្រពាំងស្រែ…!។
គឺសុទ្ធតែបានបង់លុយឱ្យមន្ត្រីភូមិបាលស្រុក ក្នុង១ប្លង់ៗចំនួន១៥០.០០០៛ ជាកំហិត ខណៈដីដែលជាប់ផ្លូវផង និងជាប់អូរផង ក្នុង១ប្លង់បង់អស់ចំនួន៤០០.០០០៛.ឯណោះ..!។

ក្នុងនោះប្ដីប្រពន្ធឈ្មោះ លី សារ៉ុន នៅភូមិប្រហ៊ូត គឺពេលវាស់វែង មន្ត្រីធ្វើជាខឹងនិងអន់ចិត្ត រួចក៏វាស់រំលង។
លុះរូបគាត់តាមអង្វរមន្ត្រីឱ្យមកវាស់ដីរបស់ខ្លួន គឺអស់២០ម៉ឺនរៀល ទើបព្រមវាស់តាមការស្នើសុំ..!។

-ប្រភពបន្តថា ឈ្មោះ ដូន យួន នៅភូមិប្រហ៊ូត ធ្វើការចំណាកស្រុក(មិននៅមូលដ្ឋាន)បង់អស់១.០០០.០០០រៀល ទាំងដីស្រែនិងដីភូមិ..។
ឈ្មោះ រឿន ស៊ុ នៅភូមិប្រហ៊ូត បង់អស់១០ម៉ឺនរៀលក្នុង១ប្លង់។

មិនតែប៉ុណ្ណោះ ពលរដ្ឋក្នុងស្រុកមេសាង ក៏បានអះអាងដូចៗគ្នាថា រាល់ការវាស់ដីជាប្រព័ន្ធ គឺមន្ត្រីភូមិបាលស្រុក បានកំណត់យកលុយពីពួកខ្លួន…!។
សម្រាប់ដីលំនៅដ្ឋានផ្ទះដែលពុំមានទំនាស់ ១ប្លង់២០.០០០៛ ដីស្រែដែលពុំមានទំនាស់ មិនពាក់ព័ន្ធនិងដីរដ្ឋ ១ប្លង់ៗបង់អស់១០.០០០៛.ហើយការបង់លុយទាំងនេះ គឺជាការកំណត់យក…។

ដោយឡែក៖ នៅភូមិផ្លាំង ឃុំត្រពាំងស្រែ.ឯនេះវិញ សម្រាប់ការវាស់វែងជាប្រព័ន្ធ គឺបានបញ្ចប់យូរហើយ និងឈានដល់ការចែកប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)។
ប៉ុន្តែរាល់ការចែកប្លង់ទាំងនោះ គឺមន្ត្រីបានកំណត់យកលុយពីពលរដ្ឋក្នុង១ប្លង់ៗចាប់ពី៣០.០០០៛ ទៅ៨០.០០០៛ ។

ជាក់ស្ដែងឈ្មោះ លីន នៅភូមិផ្លាំង ឃុំត្រពាំងស្រែ ដីមរតក.ជាដីលំនៅដ្ឋាន ទទួលបាន(ប្លង់រឹង)ប៉ុន្តែបង់ឱ្យមន្ត្រីភូមិបាល អស់៧ម៉ឺនរៀលក្នុង១ប្លង់។

ពលរដ្ឋ១គ្រួសារទៀត នៅភូមិផ្លាំង ដី៤ប្លង់តូចៗ ពេលទទួលបានប័ណ្ណកម្មសិទ្ធ បង់លុយអស់៩៥.០០០រៀល។
ខណៈគ្រួសារខ្លះនៅភូមិផ្លាំង ដី៣ប្លង់ពេលទទួលបានប័ណ្ណកម្មសិទ្ធ បង់លុយអស់១៣ម៉ឺនរៀលជាកំហិត..!។

បើតាមពលរដ្ឋ មន្ត្រីភូមិបាលស្រុកមេសាង ដែលចុះវាស់ដីជាប្រព័ន្ធ និងចែកប័ណ្ណកម្មសិទ្ធ(ប្លង់រឹង) ដូចមកគាបសង្កត់ពលរដ្ឋអញ្ចឹង…!។

ព្រោះថា ខណៈពេលចុះវាស់វែង មន្ត្រីបានកំណត់យកលុយចំនួន១ម៉ឺនរៀលសម្រាប់ដីស្រែ១ប្លង់ ដីភូមិចំនួន២ម៉ឺនរៀលក្នុង១ប្លង់..!។

លុះពេលទៅយកបង្កាន់ដៃ នៅវត្ត ១ប្លង់បង់អស់១ម៉ឺនរៀល.ពេលទៅពិនិត្យផ្ទៀងផ្ទាត់ក្បាលដី ១ប្លង់អស់៥.០០០រៀលទៀត…!។

-ឆ្លើយតបនិងការអះអាងខាងលើលោក ឌុល ឌឿន មេភូមិប្រហ៊ូតបានថ្លែងទទួលស្គាល់ថា មន្ត្រីភូមិបាលស្រុក.ពិតជាបានកំណត់យកលុយ ពីពលរដ្ឋ ចំនួន១៥ម៉ឺនរៀល ក្នុង១គ្រួសារប្រាកដមែន! គឺយកពីពលរដ្ឋ ដែលមានដីនៅតាមបណ្ដោយព្រែកប្រហ៊ូត..។

-ចំពោះសំនួរថា តើការយកលុយ៤០ម៉ឺនរៀល និង១លានរៀលសម្រាប់អ្នកចំណាកស្រុកនោះយ៉ាងម៉េចវិញ…?។
-ត្រង់ចំណុចនេះលោកមេភូមិ បានឆ្លើយថា ខ្ញុំមិនច្បាស់ទេ.អាចមានអ្នករត់ការ…។

-រីឯលោក ហម អឿន មេឃុំត្រពាំងស្រែបានថ្លែងប្រាប់(ដើមរាំង)នៅព្រឹកទី០៥.១០.២០២៤ថា.ការវាស់វែងដីជាប្រព័ន្ធ នៅឃុំត្រពាំងស្រែ គឺមានការយកលុយប្រាកដមែន ប៉ុន្តែលោកមិនច្បាស់ចំនួនឡើយ..!។
ចំពោះការចែកប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)គេយកជាមធ្យម ២០.០០០៛ ក្នុង១ប័ណ្ណ..!។

លោកមេឃុំ អះអាងទៀតថា នៅក្នុងមូលដ្ឋានឃុំត្រពាំងស្រែ គឺដីទិញលក់បានបង្វែរនិងក្លែងទៅជាដីអំណោយរដ្ឋ ឬដីមរតក.ដើម្បីឱ្យពលរដ្ឋចំណាយតិច ប៉ុន្តែត្រូវជូនសុគន្ធ.ដល់មន្ត្រីជំនាញ..!។

-ចំណែកលោក ហ៊ួ វន់ ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកមេសាងបានថ្លែងថា រាល់ដីអំណោយឬដីមរតក.ដែលត្រូវចែកប័ណ្ណដល់ពលរដ្ឋតាមផ្ទះ គឺសុទ្ធតែបង់ពន្ធចូលរដ្ឋទាំងអស់.និងមានវិក្កយបត្រត្រឹមត្រូវ។

បើតាមលោក ហ៊ួ វន់ ជាមធ្យមដីស្រែទាំងដីអំណោយនិងដីមរតក.គឺ១ហិកតា បង់ពន្ធប្រថាប់ត្រាអស់៣០.០០០៛ ក្នុងនោះ មន្ត្រីដែលយកប្លង់មកចែកឱ្យពលរដ្ឋ បានសុំពីម្ចាស់ដីក្នុង១ប្លង់១០.០០០៛ទៀត…។

-ចំពោះសំនួរថា តើការវាស់ដីនៅមាត់អូរ យក១ប្លង់១៥ម៉ឺនរៀលទៅ៤០ម៉ឺនរៀលនោះ យ៉ាងម៉េចវិញ…?។
-ត្រង់ចំណុចនេះលោក ហ៊ួ វន់ បានឆ្លើយថា ខ្ញុំឮរហៀងៗដែរថា ដីនៅតាមមាត់ទឹកមានការបង់លុយ ប៉ុន្តែលោកមិនច្បាស់ចំនួននោះទេ…!។

-ជាមួយគ្នានេះលោក ហ៊ន សុផាត អភិបាលស្រុកមេសាងបានថ្លែងថា រដ្ឋបាលស្រុក.ពុំមានគោលការណ៍ ឱ្យយកលុយពីការវាស់ដីជាប្រព័ន្ធនោះឡើយ។
លោក ហ៊ន សុផាត បន្តថា ការចែកប័ណ្ណកម្មសិទ្ធ.ក៏ពុំមានគោលការណ៍ ឱ្យយកលុយពីពលរដ្ឋដែរ..។

-ក្នុងរឿងនេះ ពលរដ្ឋសូមស្នើយ៉ាងទទូចដល់លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង.ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង.ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ.ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាចាត់វិធានការចំពោះមន្ត្រីពាក់ព័ន្ធ ក៏ដូចជាលោក ហ៊ួ វន់ ប្រធានភូមិបាលស្រុកមេសាង..!។

ដែលបណ្ដែតបណ្ដោយ ឱ្យមានអំពើគាបសង្កត់កំណត់ យកលុយពីពលរដ្ឋធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ ប្រជាពលរដ្ឋ ក្នុងស្រុកមេសាង.!៕

Leave a Reply

Your email address will not be published. Required fields are marked *