សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំកំពូល​អាស៊ាន នៅឡាវ ក្នុងសប្តាហ៍ក្រោយ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទី​ក្រុង​វៀងចន្ទន៍ ប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះ គឺបាន ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នា​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ការអញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋ​មន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រម​ទាំង​តំណាងវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

តាមក្រសួង​ការបរទេស បានឱ្យដឹងទៀតថា កិច្ចប្រជុំកំពូលអាស៊ាន នឹងធ្វើឡើងក្រោមមូលបទ អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់ នឹងផ្តោតទៅ លើការជំរុញ​បន្ថែម​ទៀត​នូវ​វឌ្ឍនភាព នៃ​ការ​កសាង​សហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការ​សម្រេច​បាន​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈ​យន្តការ​នានា​ដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និង​ក្រៅតំបន់ ។
ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើត មានប្រកប​ដោយ​ប្រសិទ្ធភាព។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេច​មហា​បវរធិបតី នឹងអញ្ជើញ​ចូលរួម​ក្នុង​ជំនួប​ថ្នាក់​ដឹកនាំ​អាស៊ានជាមួយតំណាងនៃមហាសន្និបាត​អន្តរសភា​អាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ។
ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំ​កម្រិត​ថ្នាក់​ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។

ក្រៅពីកិច្ច​ជំនួបខាងលើនេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏គ្រោងមានជំនួប​ទ្វេភាគី​ជា​មួយ​ថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនទៀត ដើម្បីពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​បន្ថែម​ទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *