ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Interfax នៅថ្ងៃអង្គារ(ទី៨ខែតុលា)បានឱ្យដឹងថា នាវាចម្បាំងរបស់កងទ័ពជើងទឹកចិន និងរុស្ស៊ី បានធ្វើសមយុទ្ធរួមគ្នា ដើម្បីពង្រឹងសមត្ថភាព ប្រឆាំងនាវាមុជទឹក នៅភាគពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាផ្នែកមួយនៃប្រតិបត្តិការល្បាតរួមគ្នា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
Interfax បាននិយាយថានាវាចម្បាំង របស់កងទ័ពជើងទឹកចិន និងរុស្ស៊ី បានចាប់ផ្ដើមធ្វើប្រតិបត្តិការ ល្បាតរួមគ្នា។
នៅបន្ទាប់ពីបានចូលរួមសមយុទ្ធជើងទឹក Beibu/Interaction 2024 កាលពីខែកញ្ញាកន្លងទៅ។
ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី មួយនេះមិនបានផ្ដល់ ព័ត៌មានលម្អិតថាតើសមយុទ្ធនេះនឹងត្រូវបញ្ចប់នៅពេលណានោះទេ។
គួរបញ្ជាក់ថា បើតាម Interfax ខាងភាគីរុស្ស៊ី មាននាវាពិឃាដប្រឆាំងនាវាមុជទឹក Admiral Panteleyev និង Admiral Tributs របស់កងទ័ពជើងទឹករុស្ស៊ីប្រចាំ តំបន់ប៉ាស៊ីហ្វិក ។
ចូលរួមក្នុងសមយុទ្ធជាមួយចិន ខណៈភាគីចិនមាននាវាពិឃាដ Xining និង Wuxi ព្រមទាំងនាវាចម្បាំង Linyi និងនាវាផ្គត់ផ្គង់ Taihu៕