ប្រមុខការពារជាតិ កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារ(០៨ខែតុលា)ថា ទាហានជាច្រើនរបស់កូរ៉េខាងជើង.ទំនងជាកំពុងតែចូលរួមជាមួយនឹងទាហានរុស្ស៊ី ក្នុងការប្រយុទ្ធ នៅអ៊ុយក្រែន ដោយអ្នកខ្លះត្រូវជឿថា បានស្លាប់ក្នុងសង្រ្គាម និងទាហានជាច្រើនទៀត ត្រូវបានរំពឹងថា នឹងបញ្ជូនទៅបន្ថែម…!។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ កាលពីចុងសប្តាហ៍នេះថា មន្ត្រីយោធាកូរ៉េខាងជើង ៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ។
ដោយមីស៊ីលរបស់ទីក្រុងគីវ លើទឹកដីកាន់កាប់ដោយរុស្ស៊ី នៅជិតតំបន់ ដូណិតស្ក៍ (Donetsk) កាលពីថ្ងៃទី០៣ ខែតុលា។
រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងសេអ៊ូល លោក គីម យ៉ុងហ៊្យុន (Kim Yong-hyun)បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារថា មានភាពអាចទៅរួចខ្ពស់ដោយពិចារណាលើកាលៈទេសៈផ្សេងៗ ដែលថារបាយការណ៍អ៊ុយក្រែននោះជាការពិត។
លោកបន្ថែមថា កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងបញ្ជូនទាហានធម្មតាទៅបន្ថែមទៀត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។
ប្រមុខការពារជាតិកូរ៉េខាងត្បូងរូបនេះបន្តថា ភាពទៅរួចខ្ពស់នៃការបញ្ជូនកងទ័ពពីទីក្រុងព្យុងយ៉ាងនោះដោយសារតែកិច្ចព្រមព្រៀងទៅវិញទៅមកដែលស្រដៀងទៅនឹងសម្ព័ន្ធមិត្តយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង។
ក្រុមអ្នកជំនាញបាននិយាយជាយូរមកហើយថា មីស៊ីលកូរ៉េខាងជើង កំពុងត្រូវបានដាក់ពង្រាយក្នុងទឹកដីអ៊ុយក្រែន ដោយកងកម្លាំងរុស្ស៊ី ដោយនោះជាអ្វីដែលទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបដិសេធ៕