លោកហ្សេលេនស្គី ថាការពន្យារពេលផ្ដល់ជំនួយរបស់អាមេរិក នឹងជួយបំពេញក្ដីស្រមៃរបស់លោក ពូទីន!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើការអំពាវនាវយ៉ាងរំជើបរំជួលមួយឱ្យសហរដ្ឋអាមេរិកបន្ត ផ្ដល់ជំនួយយោធាដល់ប្រទេសរបស់លោក ភ្ជាប់ជាមួយការព្រមានថាបរាជ័យ ក្នុងការជួយអ៊ុយក្រែន ។
ដើម្បីបំបាក់ការឈ្លានពានរបស់រុស្ស៉ី នឹងក្លាយជាការបំពេញក្ដីស្រមៃបំផ្លាញប្រជាធិបតេយ្យក្នុងតំបន់អឺរ៉ុបរបស់វិមានក្រឹមឡាំង។

លោក Zelenskyy ធ្វើការអំពាវនាវខាងលើក្នុងសុន្ទរកថាទៅកាន់អ្នកចូលរួមក្នុងវេទិកាមួយរៀបចំឡើងនៅឯសាកលវិទ្យាល័យ National Defense University កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នាឱកាសបំពេញទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក។

លោក ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែនមិនត្រឹមតែកំពុងប្រយុទ្ធដើម្បីការពារអាយុជីវិតជាតិរបស់ខ្លួនប៉ុណ្ណោះទេ តែក៏កំពុងប្រយុទ្ធដើម្បីការពារសេរីភាព ដែលកើតមានពាសពេញតំបន់អឺរ៉ុប ក្រោយសូវៀតរលំរលាយ។

ជាការឆ្លើយតប ក្រុមអ្នកតំណាងរាស្ត្រមួយចំនួន មកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាទាំង២របស់ សហរដ្ឋអាមេរិកដែលប្រឆាំងនឹងការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន លោក ហ្សេលេនស្គី ក៏បានសង្កត់ធ្ងន់ផងដែរថាអ្នកនយោបាយ មិនត្រូវក្បត់ទាហាននោះទេ ហើយថាការពន្យារពេលផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកនឹងក្លាយជាការបំពេញក្ដីស្រមៃរបស់ លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន។
«ប្រសិនបើបញ្ហានេះ (ការផ្ដល់ជំនួយយោធា) មិនត្រូវបានដោះស្រាយនៅសភាអាមេរិកទេ នោះវានឹងក្លាយជាអ្វីដែលលោក ពូទីនចង់ឃើញ។
ពួកគេនឹងបានឃើញថាក្ដីស្រមៃរបស់ពួកគេក្លាយជាការពិត»។ «អ្នកអាចពឹងផ្អែកលើ អ៊ុយក្រែន ហើយយើងក៏សង្ឃឹមដែរថាយើងអាចពឹងផ្អែកលើអ្នកបានដូចគ្នា»។

គួរបញ្ជាក់ថា លោក Zelenskyy នឹងត្រូវជួបពិភាក្សាជាមួយលោក ចូ បៃដិន នៅឯសេតវិមាន ព្រមទាំងនឹងត្រូវជួបតំណាងរាស្ត្រមកពី គណបក្សធំទាំង២របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងនោះរួមមានទាំងប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Mike Johnson។
ជំនួបនេះកើតមានឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋកាលពីសប្ដាហ៍នេះបានរាំងខ្ទប់ សំណើរបស់សេតវិមានឱ្យទម្លាក់កញ្ចប់ថវិកា ១០៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន និងអ៉ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *