Update៖ អ៊ីស្រាអែល ទទួលស្គាល់ចំពោះការវាយប្រហារ បណ្ដាលឱ្យកម្លាំងUNរបួស២នាក់!

អ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួន គឺបាញ់គំរាមនៅជិតទីតាំងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ កាលពីថ្ងៃសុក្រ(ទី១១ខែតុលា) ។

ដោយទទួលស្គាល់ថា ការវាយប្រហារ គឺជាការទទួលខុសត្រូវ ចំពោះការធ្វើឱ្យកម្លាំងមួកខៀវ២នាក់ រងរបួស ដែលបានបង្កឱ្យមានប្រតិកម្មផ្នែកការទូត…!។

យោងតាមបេសកកម្មអង្គការសហប្រជាជាតិ បានឲ្យដឹងថា កងទ័ពមួកខៀវ ជនជាតិស្រីលង្កាទាំង២នាក់ បានរងរបួស នៅមូលដ្ឋានធំរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UNIFIL) ក្នុងទីក្រុង Naqura ភាគខាងត្បូងប្រទេសលីបង់ ។
មួយថ្ងៃបន្ទាប់ពីទាហានឥណ្ឌូនេស៊ីពីរនាក់បានរងរបួស នៅពេលដែលរថក្រោះបានបាញ់ទៅលើប៉មយាមមួយកន្លែង។

ខណៈអ៊ីស្រាអែល ប្រឈមមុខនឹងការថ្កោលទោសពីប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច កងទ័ពរបស់ខ្លួនបានសន្យាថានឹងអនុវត្ត ការពិនិត្យឡើងវិញឱ្យបានហ្មត់ចត់។

យោធាអ៊ីស្រាអែល បាននិយាយថា ទាហានអ៊ីស្រាអែល បានឆ្លើយតបដោយការបាញ់តបទៅនឹង ការគំរាមកំហែងភ្លាមៗ នៅក្នុងចម្ងាយប្រហែល៥០ម៉ែត្រពីប៉ុស្តិ៍របស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UNIFIL)។

សេចក្តីថ្លែងការណ៍និយាយថា ការពិនិត្យជាបឋម បានបង្ហាញថា ក្នុងអំឡុងពេលឧបទ្ទវហេតុ ការវាយប្រហារបានធ្លាក់ទៅលើប៉ុស្តិ៍របស់កងកម្លាំងរក្សាសន្តិភាព បណ្តាលឱ្យបុគ្គលិកពីរនាក់រងរបួស។

លោក Sean Clancy នាយសេនាធិកានៃកងកម្លាំងការពារជាតិប្រទេសអៀរឡង់ បាននិយាយថា លោកមិនជឿអំពីការពន្យល់របស់អ៊ីស្រាអែលនោះទេ។
លោក Clancy ដែលប្រទេសរបស់លោក មានកងទ័ពនៅក្នុងបេសកកម្មរក្សាសន្តិភាព(UNIFIL)ផងដែរនោះ បាននិយាយថា តាមទស្សនៈវិស័យរបស់យោធា នេះពុំមែនជាទង្វើដោយចៃដន្យនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *