(កំពង់ឆ្នាំង)៖ ដោយសាររងទារុណកម្មពីម្ដាយចុងម្ដងហើយម្ដងទៀត អ្នកជិតខាងបានរាយការណ៍ទៅសមត្ថកិច្ច និងមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ។
ខណៈកុមារីរងគ្រោះ កំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំណែកម្ដាយចុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន…!។
នៅព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៤ អ្នកសារព័ត៌មានបានទៅជួបសម្ភាសន៍ជាមួយកុមារីរងគ្រោះនាងបានរៀបរាប់ថា នាងមានឈ្មោះ អឿន កញ្ញា អាយុ១២ ឆ្នាំរស់នៅភូមិសេរីឆោម ឃុំជ្រេស ស្រុកកំពង់ត្រឡាច ។
នាងបានរស់នៅជាមួយឪពុកម្ដាយចុង ប៉ុន្តែដោយសារជីវភាពគ្រួសារ ឪពុកបានទៅធ្វើការ នៅប្រទេសថៃ។
ចំណែកឪពុកបង្កើតរបស់នាង បានមកផ្ទះតែ ខែបុណ្យទានភ្ជុំ ឬចូលឆ្នាំម្ដងៗ ។
កុមារីរងគ្រោះបន្តថា នៅពេលដែលឪពុកបង្កើតនាងមិននៅ នាងនៅជាមួយម្ដាយចុងតែងតែ វាយធ្វើបាបជារឿយៗ ។
ដោយពេលខ្លះរឿង ងើបដាំបាយព្រឹកមិនទាន់ រឿងមិនបញ្ចុកបាយប្អូន រឿងជញ្ជូនចានឆ្នាំងទៅលាងមិនទាន់ ជាដើម។
កុមារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា ម្ដាយចុងបានរៀបចំកន្លែងឲ្យនាងដេកនៅក្នុងរោងបាយ ដើម្បីងាយស្រួលងើបដាំបាយហូប មុនពេលចេញទៅប្រកបការងារផ្សេងៗ។
ថ្ងៃណាខ្លះបើសិនងើបដាំបាយមិនទាន់ម្ដាយចុងតែងតែយកមេសោ មកគប់ជួនត្រូវក្បាល ជូនត្រូវចង្កេះ។
បើតាមការបញ្ជាក់របស់កុមារីរងគ្រោះបានបញ្ជាក់ថា មុនពេលផ្ទុះរឿង ដោយសារម្ដាយចុងបានប្រើ ហិង្សាលើនាងយ៉ាងធ្ងន់ធ្ងរចំនួន២លើក លើកទី១ មូលហេតុកុមារីរងគ្រោះមិនបានទៅច្រូតស្មៅអោយគោស៊ីមិនគ្រប់ គោចំនួន៤ក្បាល និងលើកទី ២កុមារីរងគ្រោះមិនបានទៅចូលស្មៅឲ្យចូលស៊ី។
-កាលពីថ្ងៃទី១១ ខែតុលាឆ្នាំ 2024 ម្ដាយចុង ឈ្មោះ នៅ ញ៉ក់ អាយុ ៣៩ ឆ្នាំ បានប្រើហិង្សាលើកុមារីឈ្មោះអឿន កញ្ញា អាយុ១២ ឆ្នាំធ្វើឱ្យកុមារីរងគ្រោះជាំ ហើមពេញសារពាង្គកាយហើយក្រោយទទួលបានព័ត៌មាននេះលោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានបញ្ជាទៅកងកម្លាំងជំនាញ ចុះស្រាវជ្រាវបន្ទាន់និងឃាត់ខ្លួនស្ត្រីជាម្ដាយចុងឈ្មោះ នៅញ៉ក់ ដើម្បីសាកសួរ ។ ដោយឡែកដោយបាន ការយកចិត្តទុកដាក់ពី អភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញបានធ្វើការឃាត់ ខ្លួនស្រីជាម្ដាយចុងដើម្បីសាកសួរចាត់ការតាមនីតិវិធី៕