ប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃសៅរ៍(ទី១២ខែតុលា)ថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌ចំនួន១៤ តោនដល់ជនភៀសខ្លួនលីបង់ ដែលបានភៀសខ្លួន ទៅកាន់ប្រទេសស៊ីរី ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល…!។
រដ្ឋមន្ត្រីការបរទេស Yvan Gil បាននិយាយថា អំណោយនេះត្រូវបានផ្តល់ដោយប្រជាជនវេណេហ្ស៊ុយអេឡា ហើយជំនួយនេះនឹងត្រូវប្រគល់ជូនអ្នកដែលត្រូវការជំនួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ពិធីមួយដែលបានធ្វើឡើង នៅអាកាសយានដ្ឋានអន្តរជាតិ Simon Bolivar ក្នុងទីក្រុង Maiquetia ក្នុងរដ្ឋ La Guaira ត្រូវបានចូលរួមដោយ Tatiana Pugh អនុរដ្ឋមន្ត្រីអាស៊ី មជ្ឈិមបូព៌ា និងអូសេអានី រួមជាមួយឯកអគ្គរដ្ឋទូតលីបង់ និងស៊ីរី Elias Lebbos និង Kenan Zaher Al Deen រៀងគ្នា។
យោងតាមរបាយការណ៍បានឲ្យដឹងថា យន្តហោះនេះ ត្រូវបានគេរំពឹងថានឹងចុះចតនៅក្នុងប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានម៉ោង។
រដ្ឋមន្ត្រីការបរទេស Gil បាននិយាយថា ប្រធានាធិបតី Nicolas Maduro ឈរក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន លីបង់ អ៊ីរ៉ង់ និងស៊ីរី ហើយចង់ឱ្យពួកគេដឹងថា ពួកគេមិនមែន តែម្នាក់ឯង ក្នុងការប្រឈមមុខនឹងការវាយប្រហាររបស់អ៊ីស្រាអែល។
គួរជម្រាបថា កន្លងមក ប្រជាជនវេណេហ្ស៊ុយអេឡា បានចាប់ផ្តើមយុទ្ធនាការមួយដែលធ្វើឡើងនៅក្នុង Yellow House នៅ Plaza Bolivar ក្នុងទីក្រុង Caracas ដើម្បីជួយជនភៀសខ្លួនលីបង់ ដែលរត់គេចពីសង្គ្រាម៕