ព្រះរាជអាជ្ញា បាននិយាយថាតុលាការពិសេសមួយក្នុងប្រទេសបង់ក្លា កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ ខែតុលា)បានចេញដីកាចាប់ខ្លួនលោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្ត្រី ជំនួយការជិតស្និទ្ធបំផុតរបស់លោកស្រីនឹងអ្នកពាក់ព័ន្ធសរុប 45 នាក់ ពីបទសង្ស័យឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំឡុងពេលការបះបោរដឹកនាំដោយនិស្សិតក្នុងខែកក្កដា និងសីហា ដែលបានបង្ខំឱ្យលោកស្រី Sheikh Hasina ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។
លោក BM Sultan Mahmud បាននិយាយថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅរដ្ឋធានី Dhaka បានចេញដីកាចាប់ខ្លួន ដើម្បីឆ្លើយតបទៅនឹងសំណើចំនួនពីរពីព្រះរាជអាជ្ញា។
លោកបានបន្ថែមថា ប្រធានចៅក្រម Golam Mortuza Majumdar បានចេញដីកានេះ នៅចំពោះមុខចៅក្រមពីររូបទៀត។
បាតុកម្មដឹកនាំដោយចលនានិស្សិត ដែលដំបូងឡើយមានគោលដៅត្រឹមប្រឆាំង គោលការណ៍កំណត់កូតាការងាររដ្ឋ បានប្រែក្លាយ ទៅជា ការផ្ទុះអំពើហិង្សាយ៉ាងវឹកវរបំផុតមួយ គិតចាប់តាំងពីប្រទេសអាស៊ីខាងត្បូងមួយនេះ ទទួលបានឯករាជ្យកាលពីឆ្នាំ១៩៧១មក ហើយជាលទ្ធផល វាបានបង្កឱ្យមានមនុស្សស្លាប់សរុបលើស ៧០០នាក់ និងរងរបួសជាច្រើននាក់ ផ្សេងទៀត។
ទីបំផុត លោកស្រី Hasina ក៏បានបង្ខំចិត្តរត់ភៀសខ្លួនដើម្បីសុវត្ថិភាព ចេញទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃទី៥ ខែសីហា ហើយរដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានឡើងគ្រប់គ្រងប្រទេស។
គួរបញ្ជាក់ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដែស បានបង្គាប់ឱ្យមានការចាប់ខ្លួន លោកស្រី Hasina ហើយនាំខ្លួនលោកស្រី មកកាន់តុលាការ ឱ្យបាននៅត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា។ រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស លោក Mohammad Touhid Hossain បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រឹងប្រែងគ្រប់បែបយ៉ាង នឹងត្រូវធ្វើឡើងដើម្បីនាំលោកស្រី Hasina ពីឥណ្ឌាមកវិញ ក្នុងចន្លោះពេល១ខែ ដែលត្រូវបានកំណត់ដោយតុលាការ៕