ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅថ្ងៃអាទិត្យ(ទី២០ ខែតុលា)ថា មនុស្សចំនួន ៨៧ នាក់បានស្លាប់និងបាត់ខ្លួននៅក្រោមគំនរបាក់បែក។ ដោយសារអ៊ីស្រាអែលវាយប្រហារលើទីប្រជុំជន Beit Lahiaភាគខាងជើងហ្គាហ្សា កាលពីថ្ងៃសៅរ៍ ខណ:មនុស្សជាង ៤០ នាក់ទៀតបានរងរបួស។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា ។
ក្រសួងសុខាភិបាលហ្គាហ្សាបានអះអាងថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានរារាំងដោយសារបញ្ហាទំនាក់ទំនង និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតែបន្តកើតមាននៅក្នុងតំបន់។ ជនរងគ្រោះនៅតែជាប់គាំងនៅក្រោមគំនរបាក់បែក ដោយសាររថយន្តសង្គ្រោះ និងក្រុមជួយសង្គ្រោះមិនអាចចូលទៅដល់ពួកគេបាន។
ការវាយប្រហារនេះបានកើតឡើងនៅល្ងាចថ្ងៃសៅរ៍ ពីរសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមនៃប្រតិបត្តិការដ៏សំខាន់មួយនៅជុំវិញទីក្រុង Jabalia ដែលមានទីតាំងនៅភាគខាងត្បូងនៃទីក្រុង Beit Lahia ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលគាំទ្រដោយរថក្រោះ កំពុងព្យាយាមកំទេចយុទ្ធជនហាម៉ាសដែលនៅសេសសល់។
បេសកជនសន្តិភាពមជ្ឈិមបូព៌ារបស់អង្គការសហប្រជាជាតិ លោក Tor Wensland បានអំពាវនាវការការពារជនស៊ីវិល ដោយបានពិពណ៌នាទិដ្ឋភាពនៅហ្គាហ្សាថាគួរឱ្យរន្ធត់ ចំពេលការបន្តការវាយប្រហាររបស់អ៊ីស្រាអែល និងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ៕