អ៊ីស្រាអែលកំពុងត្រៀមរៀបចំ វាយប្រហារទៅលើអ៊ីរ៉ង់ ដើម្បីជាការសងសឹក ក្រោយអ៊ីរ៉ង់បាញ់ផ្លោងមីស៊ីលចូលអ៊ីស្រាអែល កាលពីថ្ងៃទី 1 ខែតុលាកន្លងទៅ។
គួររំលឹកថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងប្រមាណ ១៨០ គ្រាប់ទៅលើអ៊ីស្រាអែល ដោយទីក្រុងតេអេរ៉ង់បាននិយាយថា ជាការសងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហេសបូឡា និងក្រុមហាម៉ាស់នាពេលថ្មីៗនេះ និងមេបញ្ជាការឆ្មាំបដិវត្តន៍ម្នាក់។
មន្ត្រីដែលមិនបញ្ចេញឈ្មោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទូរទស្សន៍សាធារណៈ KAN កាលពីល្ងាចថ្ងៃអាទិត្យថា “អ៊ីស្រាអែលកំពុងរៀបចំធ្វើការវាយប្រហារដ៏ធំមួយប្រឆាំងនឹងអ៊ីរ៉ង់ ជាមួយនឹងការត្រៀមរៀបចំរួមទាំងការពង្រឹងការការពារក្នុងការប្រមើលមើលការឆ្លើយតបដ៏មានសក្តានុពលណាមួយរបស់អ៊ីរ៉ង់” ។
ទោះជាយ៉ាងនេះក្តី ប្រភពមិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីបញ្ជីនៃគោលដៅដែលរំពឹងថានឹងត្រូវវាយប្រហារក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនោះទេ។
ចាប់តាំងពីការវាយប្រហាររបស់អ៊ីរ៉ង់មក អ៊ីស្រាអែលបានចូលរួមក្នុងការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ជាមួយសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិក ដើម្បីកំណត់គោលដៅសក្តានុពល និងតម្រូវការការពាររបស់ខ្លួន ដើម្បីទប់ទល់នឹងការសងសឹកណាមួយរបស់អ៊ីរ៉ង់។
កាលពីថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែលបាននិយាយថា សហរដ្ឋអាមេរិកបានដាក់ពង្រាយថ្មការពារដែនអាកាស THAAD នៅក្នុងប្រទេសអ៊ីស្រាអែល ដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដើម្បីត្រៀមសម្រាប់ការវាយប្រហាររបស់អ៊ីរ៉ង់។
មុនពេលការមកដល់នៃ THAAD ការការពារដែនអាកាសរបស់អ៊ីស្រាអែលបានពឹងផ្អែកលើប្រព័ន្ធបីគឺ Arrow សម្រាប់ស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយ David’s Sling សម្រាប់រយៈចម្ងាយមធ្យម និង Iron Dome សម្រាប់រយៈចម្ងាយខ្លី។ ប្រព័ន្ធទាំងបីបានព្យាយាមស្ទាក់ចាប់កាំជ្រួចជាច្រើនរបស់អ៊ីរ៉ង់។
សូមបញ្ជាក់ថាសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សារយះពេលជាងមួយឆ្នាំនេះ បានសម្លាប់មនុស្សជាង 42.600 នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជិត 99.800 នាក់បានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់៕