ថ្ងៃទី 25 សីហា 2025 អគ្គីភ័យដ៏ធំមួយកើតឡើងនៅរោងចក្រផ្គត់ផ្គង់រថយន្ត Smitty’s Supply ស្ថិតនៅភាគខាងជើងទីក្រុង Roseland រដ្ឋ Louisiana
កាលពីថ្ងៃសុក្រ បន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំង បណ្តាលឲ្យអណ្តាតភ្លើងឆេះបន្ត និងផ្សែងខ្មៅហុយពេញតំបន់។
ប្រភពពីសារព័ត៌មានAP ។
បើទោះបីជាក្រុមអន្តរាគមន៍អគ្គីភ័យបានព្យាយាមគ្រប់គ្រងភ្លើង និងអាចធ្វើឲ្យការឆាបឆេះមានប្រមាណ ៩០% ក៏ដោយ ការបញ្ជាជម្លៀសប្រជាពលរដ្ឋនៅតែបន្ត។ មនុស្សគ្រប់រូបដែលរស់នៅក្នុងប្រវែង១.៦ គីឡូម៉ែត្រ ជុំវិញរោងចក្រនេះត្រូវបានបញ្ជាឱ្យចាកចេញជាបណ្ដោះអាសន្ន ដើម្បីសុវត្ថិភាព។ សាលាបឋមសិក្សាមួយក៏ត្រូវបានបញ្ជាឱ្យបិទ និងជម្លៀសសិស្សចេញផងដែរ។
ប៉ូលីសរដ្ឋបានបញ្ជាក់ថា គ្មានអ្នកណារងរបួសពីករណីនេះទេ។ ក្នុងសន្និសីទកាសែត កាលពីថ្ងៃសៅរ៍ ប៉ូលីសបានអំពាវនាវឲ្យប្រជាពលរដ្ឋកាត់បន្ថយការប៉ះពាល់ផ្ទាល់ជាមួយផេះ និងផ្សែង ព្រោះអាចប៉ះពាល់ដល់សុខភាព។
ក្នុងអាប់ដេតចុងក្រោយ កាលពីថ្ងៃអាទិត្យ ប៉ូលីសបានបញ្ជាក់ថា ការត្រួតពិនិត្យកម្រិតខ្យល់មិនបានរកឃើញការកខ្វក់ខ្យល់ឬគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈឡើយ។ ទោះជាយ៉ាងណា ការប្រុងប្រយ័ត្ន និងបទបញ្ជាជម្លៀសនៅតែត្រូវបានអនុវត្ត ដើម្បីធានាសុវត្ថិភាពរបស់អ្នករស់នៅ។
ករណីអគ្គីភ័យនៅរោងចក្រនេះក្លាយជាការព្រួយបារម្ភដ៏ធំសម្រាប់សហគមន៍ជិតខាង ប៉ុន្តែការឆ្លើយតបរហ័សពីអាជ្ញាធរ និងក្រុមពន្លត់អគ្គីភ័យ បានធានាថា គ្មានជនរងគ្រោះ និងការខូចខាតសុខភាពសាធារណៈទេ៕