Update៖ ក្រោយរងការវាយប្រហារពីអ៊ីស្រាអែល អ៊ីរ៉ង់ និយាយថាខ្លួនមានសិទ្ធិដើម្បីការពារប្រទេសនិងប្រជាជន!

កាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលា អ៊ីរ៉ង់ បាននិយាយថាខ្លួនមានសិទ្ធិនិងភារកិច្ចការពារខ្លួនបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានសម្លាប់ ទាហានអ៊ីរ៉ង់ ២នាក់ និងបង្កការភ័យខ្លាចសារជាថ្មីនៃការផ្ទុះសង្រ្គាមទាំងស្រុងក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថាវាគ្មានព្រំដែនកំណត់ចំពោះការប្ដេជ្ញាចិត្តរបស់អ៊ីរ៉ង់ដើម្បីការពារខ្លួនឯង។ លោកបន្ថែមថាអ៊ីរ៉ង់មានសិទ្ធិ និងកាតព្វកិច្ចក្នុងការការពារខ្លួនឯង។

អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បានបើកការវាយប្រហារលើអ៊ីរ៉ង់ ចាត់ទុកជាការសងសឹកទៅនឹងការវាយប្រហារដោយមីស៊ីលបាលិស្ទីគជិត ២០០គ្រាប់លើប្រទេសអ៊ីស្រាអែលកាលពីដើមខែតុលាកន្លងទៅ។ ក្រោយការសងសឹកនេះដែរ អ៊ីស្រាអែលបានព្រមានថាអ៊ីរ៉ង់នឹងត្រូវលះបង់យ៉ាងធ្ងន់ធ្ងរមួយ ប្រសិនបើហ៊ានបាញ់តបតវិញ។ ខណៈអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានទទូចឱ្យអ៊ីរ៉ង់កុំសងសឹកអ៊ីស្រាអែលវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ប៉ុន្តែបណ្ដាប្រទេសផ្សេងទៀត ក្នុងនោះរួមមានប្រទេសជិតខាងអ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល រីឯរុស្ស៊ីវិញបានជំរុញឱ្យភាគីទាំងសងខាងរក្សាការអត់ធ្មត់ និងបញ្ចៀសនូវអ្វីដែលមូស្គូ ហៅថា សេណារីយ៉ូមហន្តរាយ៕

Leave a Reply

Your email address will not be published. Required fields are marked *