Update៖ ព្យុះTrami បានបើកបក់បង្កជាទឹកជំនន់នៅវៀតណាមស្លាប់មនុស្ស៥នាក់!

អាជ្ញាធរវៀតណាម បានឱ្យដឹងថានៅថ្ងៃព្រហស្បតិ៍(ទី៣១ខែតុលា)នេះ គ្រោះទឹកជំនន់ នៅភាគកណ្តាលប្រទេស បានសម្លាប់មនុស្សចំនួន៥នាក់ ព្រមទាំងបង្កការខូចខាតចំពោះលំនៅដ្ឋានរាប់រយខ្នង និងបំផ្លិចបំផ្លាញផលដំណាំជាច្រើន បន្ទាប់ពីព្យុះត្រូពិក Trami បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។

ព្យុះ Trami បានបោកបក់លើភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បន្ទាប់ពីវាបានវាយប្រហារនៅហ្វីលីពីន និងផ្តាច់ជីវិតមនុស្សរហូតដល់ជាង១០០នាក់នៅទីនោះ។ នៅវៀតណាម ព្យុះ Trami បានបង្កឱ្យមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា។ មនុស្ស៥នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ នៅខេត្ត Quang Binh ខណៈ៥នាក់ផ្សេងទៀតបានរងរបួស។ មិនតែប៉ុណ្ណោះ ផ្ទះសម្បែងជាង៣០០ខ្នង និងផ្ទៃដីដាំដុះដំណាំជិត១,៣០០ហិកតា បានរងការខូចខាត។
គួររំលឹកថា វៀតណាមស្ថិតនៅក្នុងចំណោមប្រទេស ងាយរងគ្រោះពីការវាយប្រហារនៃព្យុះត្រូពិក ដែលជារឿយៗបង្កឱ្យមានទឹកជំនន់ និងបំណាក់ដី អំឡុងចន្លោះខែមិថុនា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ កាលពីខែកញ្ញាកន្លងទៅ តំបន់ភាគខាងជើងវៀតណាម ត្រូវបានវាយប្រហារ ដោយព្យុះទីហ្វុង Yagi ដែលបានផ្តាច់ជីវិតមនុស្សសរុប ៣៤៥នាក់ ហើយបង្កការខាតបង់ សេដ្ឋកិច្ចប្រមាណ៣.៣ពាន់លានដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *