លោកស្នងការរាជធានីភ្នំពេញ ហៅម្ចាស់ឆ្កែនិងយុវជន ណន សុខហេង មកឲ្យសុំទោសគ្នាទៅវិញទៅមក!

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញនារីជាម្ចាស់ឆ្កែ មកជួបជាមួយយុវជន ណន សុខហេង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសម្របសម្រួលបញ្ចប់ជម្លោះ និងដកពាក្យបណ្តឹងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

នៅក្នុងការសម្របសម្រួលនេះ នារីជាម្ចាស់ឆ្កែ មានការសោកស្ដាយចំពោះកំហុស ឆេវឆាវ និងមិនបានគិតវែងឆ្ងាយ រួចក៏លើកដៃសំពះយុវជន ណន សុខហេង ហើយយុវជន ណន សុខហេង ក៏លើកដៃសំពះសុំទោស ម្ចាស់ឆ្កែវិញផងដែរ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ, នារីដែលជាម្ចាស់ឆ្កែ បានអរគុណទៅដល់សម្ដេចតាតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅ រួចស្ម័គ្រចិត្តធ្វើកំណត់ហេតុព្រមព្រៀង និងដកពាក្យបណ្ដឹងឈប់ប្ដឹងផ្ដល់គ្នាចាប់ពីពេលនេះតទៅ។
ក្រោយបំពេញនីតិវិធីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចរាល់, សំណុំរឿងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបញ្ចប់តាមផ្លូវច្បាប់។

ក្រោយចប់ការងារនេះ លោកឧត្តមសេនីយ៍ស្នងការ នឹងចាត់ឲ្យមន្រ្តីជូនយុវជន ណន សុខហេង ទៅផ្ទះរបស់ខ្លួននៅខេត្តក្រចេះផងដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះ មហាជនបានផ្ទុះការវែកញែកនៅលើបណ្ដាញសង្គម ពាក់ព័ន្ធស្ដ្រីជាថៅកែម្នាក់ មិនព្រមបើកលុយឱ្យកម្មករឈ្មោះ ណន សុខហេង ចំនួន៦០ម៉ឺនរៀល..ក្នុងនោះឈ្មោះ ណន សុខហេង បានតាមទារលុយពីថៅកែ១លើកជា២លើក។ លុះទារមិនបាន ក៏ចាប់យកសត្វឆ្កែ ១ក្បាលរបស់ថៅកែទៅបាត់ ក្នុងបំណងដោះដូរជាមួយលុយ ដែលថៅកែជំពាក់ខ្លួន។ ដោយឈ្មោះ ណន សុខហេង ផ្អែកថា ទាល់តែឱ្យលុយ ថ្លៃពលកម្មចំនួន៦០ម៉ឺនរៀលមក ទើបខ្លួនប្រគល់ឆ្កែឱ្យវិញ..!។ មិនដូច្នេះអី ស្រាប់តែថៅកែស្រី ខឹងក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនឈ្មោះ ណន សុខហេង តែម្ដងទៅ។
លុះមានការរិៈគន់ពីមហាជន នៅព្រឹកទី៣១.១០.២០២៤ តុលាការបានសម្រេចដោះលែងឈ្មោះ ណន សុខហេង.។

ហើយនៅព្រឹកដដែល សម្ដេចតេជោ អនុញ្ញាតឲ្យឈ្មោះ ណន សុខហេង.ចូលជួបនិងសម្រួលបញ្ចប់វិវាទ។ បន្ថែមពីនេះសម្ដេចតេជោ បានឧបត្ថម្ភថវិកា១០,០០០ដុល្លារ និង៣៥លានរៀល ដល់លោក ណន សុខហេង ព្រមទាំងបានបង្កើតអាជីវកម្ម.ឡដុតនំប៉័ងមួយ នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ឱ្យទៅ លោក ណន សុខហេងទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *