លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរាយការណ៍ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅលើទឹកដីរុស្ស៊ី ដើម្បីត្រៀមប្រយុទ្ធជាមួយអ៊ុយក្រែន។ប្រភពពីសារព័ត៌មាន AFP។
លោក Stephane Dujarric ជាអ្នកនាំពាក្យរបស់លោក Guterres បានបញ្ជាក់ថា «លោកអគ្គលេខាធិការពិតជាព្រួយបារម្ភយ៉ាងខ្លាំង អំពីសេចក្ដីរាយការណ៍ថាកងទ័ពកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់រុស្ស៊ីក្នុងនោះរួមមានទាំងលទ្ធភាពដែលអាចទៅរួចថាពួកគេអាចនឹងត្រូវបានដាក់ពង្រាយទៅ កាន់សមរភូមិ»។
ចារកម្មអាមេរិកបាននិយាយថាកងកម្លាំងកូរ៉េខាងជើងមួយចំនួនបានទៅដល់តំបន់ Kursk របស់រុស្ស៊ីហើយ ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានជំរុញឱ្យកូរ៉េខាងជើងដកកងទ័ពរបស់ខ្លួនចេញពីរុស្ស៊ីជាបន្ទាន់៕