(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញអំពី លទ្ធផលនៃកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកទី១០.០៩.២០២៥ ។
ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១:១៥នាទី នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះ ហត្ថលេខាលើកំណត់ហេតុរួម និងសេចក្តីថ្លែងការណ៍រួមនៃ កិច្ចប្រជុំពិសេសលើកទី១នេះ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕