រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូថា សង្គ្រាមរបស់ប្រទេសខ្លួន ។
ជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា អាចអូសបន្លាយ ពេលច្រើនខែទៀត ទោះសហរដ្ឋអាមេរិក ជំរុញឲ្យខ្លួន កាត់បន្ថយប្រតិបត្តិការយោធា ដោយសារមានជនស៊ីវិលស្លាប់ច្រើនឡើងៗ ក៏ដោយ។
ប៉ុន្មានថ្ងៃមកនេះ រដ្ឋបាលលោក បៃដិន បានដាក់សម្ពាធ ដល់រដ្ឋាភិបាលអ៊ីស្រាអែល ឲ្យបន្ថយដៃក្នុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា ។
ចំពេលសង្រ្គាមបានឈានចូលដល់ខែទី៣ ហើយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល។
តាមសេចក្តីរាយការណ៍របស់ Associated Press, លោក Gallant បានគូសបញ្ជាក់ថា “សង្គ្រាមនឹងចាយពេលរាប់ខែទៀត ប៉ុន្តែយើងនឹងឈ្នះ ហើយយើងនឹងកម្ទេចពួកគេ”។
ការព្រមាននេះកើតឡើង ខណៈការគាំទ្ររបស់រដ្ឋបាលលោក បៃដិន ចំពោះអ៊ីស្រាអែល បានថយចុះបន្តិចម្តងៗ ។
ទាំងដែលជម្លោះនៅតែបន្ត ហើយអ៊ីស្រាអែល កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងសម្រាប់បទឈប់បាញ់។
កាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ដើម្បីជួយជនស៊ីវិលនៅហ្គាហ្សា ។
ហើយក្នុងនោះមានប្រទេសតែ៨ប៉ុណ្ណោះដែលចូលរួមជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ក្នុងការបោះឆ្នោតប្រឆាំង។
អ៊ីស្រាអែលក៏កំពុងរងសម្ពាធកាន់តែខ្លាំងឡើងផងដែរ ចំពោះផែនការក្រោយសង្គ្រាម ។
ខណៈរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងមិនគាំទ្ររដ្ឋាភិបាលរបស់អាជ្ញាធរប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាដាច់ខាត។
យោងតាមអង្គការសហប្រជាជាតិ សង្គ្រាមនេះ បានបណ្តាលឲ្យតំបន់ហ្គាហ្សាភាគខាងជើង ត្រូវខ្ទេចខ្ទី និងជម្លៀសប្រជាជនជិត៨០%ចេញពីផ្ទះរបស់ពួកគេ។
ចំណែកក្រសួងសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ១៨៤០០នាក់បានស្លាប់ក្នុងសង្គ្រាមនេះ៕