ក្រសួងកោះតៃវ៉ាន់ បានឱ្យដឹងថា ពលរដ្ឋតៃវ៉ាន់ទីពីរដែលស្ម័គ្រចិត្តជួយអ៊ុយក្រែនក្នុងការប្រយុទ្ធនឹងរុស្ស៊ី ត្រូវបានស្លាប់បន្ទាប់ពីយុទ្ធជនស្ម័គ្រចិត្តតៃវ៉ាន់ដំបូងគេបានស្លាប់នៅ សមរភូមិអ៊ុយក្រែន កាលពី ខែ វិច្ឆិកា ឆ្នាំ ២០២២។ ប្រភពពីសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។
ក្នុងសេចក្តីរាយការណ៍ដើម្បីចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព ក្រសួងការបរទេស បានឱ្យដឹងទៀតថា បុរសនោះ ជាសមាជិកយុទ្ធជនបរទេស នៃកងពលយោធាអ៊ុយក្រែន។ ក្រសួងបានទទួលរបាយការណ៍ អំពីការស្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយការិយាល័យតំណាងតៃវ៉ាន់ នៅក្នុងប្រទេសប៉ូឡូញ បានផ្ទៀងផ្ទាត់ដំណឹងនេះ ជាមួយកងវរសេនាធំអន្តរជាតិ របស់អ៊ុយក្រែន។
តាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បុរសរូបនោះឈ្មោះ Wu Chung-ta និងបានត្រលប់ទៅអ៊ុយក្រែន ក្នុងខែកក្កដា បន្ទាប់ពីជាសះស្បើយពីរបួសជើង។ លោក Wu ធ្លាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គ្រួសាររបស់គាត់ គាំទ្រការសម្រេចចិត្តរបស់គាត់ ក្នុងការទៅជួយប្រយុទ្ធនៅអ៊ុយក្រែន។ សមាជិកគណៈកម្មាធិការការពារជាតិនៃសភាតៃវ៉ាន់ លោក Puma Shen បានប្រាប់ AFP ថាបច្ចុប្បន្ន មានយុទ្ធជនតៃវ៉ាន់ប្រហែល៥ទៅ៦នាក់នៅក្នុងប្រទេសអ៊ុយក្រែន។
គួររំលឹកថា ក្រោយផ្ទុះសង្រ្គាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវសុំឱ្យជនបរទេសមកជួយប្រទេសរបស់លោក ក្នុងនាមកងពលអន្តរជាតិ ដែលត្រូវប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី៕