លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា បានខលទូរស័ព្ទទៅកាន់លោក ដូណាល់ ត្រាំ ដើម្បីអបអរសាទរជ័យជម្នះរបស់លោក ត្រាំ និងបានអញ្ជើញលោកប្រធានាធិបតីជាប់ឆ្នោតរូបនេះ មកជួបគ្នានៅសេតវិមាន។
ប្រភពពីសារព័ត៌មាន AFP។
លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានយកឈ្នះលោកស្រី កាម៉ាឡា ហារីស មកពីបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត២៩៥ លើសពីចំនួន២៧០ ដែល លោក ត្រាំ ត្រូវការជាចាំបាច់ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។ រីឯលោកស្រីវិញ ទទួលបានអង្គបោះឆ្នោត ២២៦។ នេះតាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយ សារព័ត៌មាន CNN គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបញ្ជាក់ថាអំឡុងកិច្ចសន្ទនាជាមួយលោក ត្រាំ លោកប្រធានាធិបតី បៃដិន បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់លោកដើម្បីធានាឱ្យបាននូវ ការផ្ទេរអំណាចដោយរលូន និងសង្កត់ធ្ងន់ពីសារៈសំខាន់ដើម្បីនាំមកនូវឯកភាពជាតិ។ បើតាមសេចក្ដីថ្លែងការណ៍ដដែល លោក បៃដិន ក៏បានជជែកគ្នាជាមួយលោកស្រី កាម៉ាឡា ហារីស និងបានអបអរសាទរដល់លោកស្រីអនុប្រធានាធិបតីផងដែរ សម្រាប់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាប្រវតិ្តសាស្ត្រ ជាមួយការបញ្ជាក់បន្ថែមថាលោក បៃដិន នឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិអំពីលទ្ធផលបោះឆ្នោត និងការផ្ទេរអំណាច ក្នុងពេលឆាប់ៗនេះ៕