Update៖ អ៊ីស្រាអែលវាយប្រហារ នៅក្បែរព្រលានយន្តហោះនៃទីក្រុងបេរូត!

យន្តហោះចម្បាំងអ៊ីស្រាអែល កាលពីព្រឹកព្រឹកថ្ងៃព្រហស្បតិ៍(ទី៧ខែវិច្ឆិកា) បានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅទូទាំងប្រទេសលីបង់ រួមទាំងនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ក្បែរព្រលានយន្តហោះ។

ប្រភពពីសារព័ត៌មានAnadolu នៅថ្ងៃសុក្រនេះ។

តំបន់ជាយក្រុងភាគខាងត្បូងបានឃើញការវាយប្រហារតាមអាកាសជាច្រើនលើក រួមទាំងការវាយប្រហារមួយនៅក្នុងតំបន់ Al-Awza’i នៅជិតផ្លូវរត់ភាគខាងជើងនៃអាកាសយានដ្ឋានអន្តរជាតិ Rafik Hariri ។

ទីភ្នាក់ងារសារព័ត៌មានលីបង់ផ្លូវការ NNA បាននិយាយថា ការវាយប្រហារបានផ្តោតលើតំបន់ Haret Hreik, Baajour និង Tahouitet El-Ghadir ។

ទីភ្នាក់ងារដដែលបានបន្ថែមថា យន្តហោះចម្បាំងក៏បានវាយប្រហារតំបន់ Bekaa រួមទាំងទីប្រជុំជន Yohmor ផងដែរ។

NNA បាននិយាយថា កងទ័ពអ៊ីស្រាអែលបានប្រើប្រាស់គ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់ជាអន្តរជាតិក្នុងការកំណត់គោលដៅជាយក្រុង។  ការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងតំបន់ ឬនៅជិតតំបន់ដែលមានប្រជាជនរស់នៅត្រូវបានហាមឃាត់ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ព្រោះវាបង្កការគំរាមកំហែងដល់អាយុជីវិតជនស៊ីវិល។

ទន្ទឹមនឹងនេះ ក្រុម Hezbollah បានបន្តប្រឈមមុខនឹងកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូង ហើយបានប្រកាសកំណត់គោលដៅលើអង្គភាពកងទ័ពអ៊ីស្រាអែលនៅជាយក្រុង Maroun al-Ras ជាមួយនឹងរបាំងរ៉ុក្កែត។

ក្រុមលីបង់មុននេះ បានប្រកាសធ្វើប្រតិបត្តិការយោធាចំនួន ៣៦ រួមទាំងការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីតាំងយោធា និងការតាំងទីលំនៅជាច្រើននៅភាគខាងជើង និងកណ្តាលអ៊ីស្រាអែល។

យុទ្ធនាការផ្លូវអាកាសរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ នៅតែបន្តចាប់តាំងពីចុងខែកញ្ញា ប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថា ជាគោលដៅរបស់ក្រុមហេសបូឡា ដែលជាការកើនឡើងនៃសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហ្គាហ្សា។
គួរបញ្ជាក់ថា មនុស្សជាង 3,000 នាក់ត្រូវបានសម្លាប់ និងជាង 13,500 នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ 2023 នេះបើយោងតាមអាជ្ញាធរសុខាភិបាលលីបង់។
អ៊ីស្រាអែល បានបើកការលុកលុយចូលទឹកដីលីបង់ភាគខាងត្បូងកាលពីថ្ងៃទី១ ខែ តុលា៕

Leave a Reply

Your email address will not be published. Required fields are marked *