អ៊ីស្រាអែល ប្រកាសផ្ដល់ប្រាក់រង្វាន់ ៤០ម៉ឺនដុល្លារ សម្រាប់អ្នករាយការណ៍ឈាន​ដល់ការចាប់ខ្លួនមេដឹកនាំហាម៉ាស!

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសុក្របានទម្លាក់ខិត្តប័ណ្ណ ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ។
ដោយបង្ហាញពីការផ្ដល់ប្រាក់រហូតដល់ ៤០ម៉ឺនដុល្លារសម្រាប់ព័ត៌មាន ដែលឈានទៅដល់ការចាប់ខ្លួនមេដឹកនាំកំពូល របស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស..!។

សកម្មជនប៉ាឡេស្ទីន បានផ្សព្វផ្សាយខិត្តប័ណ្ណដែលមានភ្ជាប់ជាមួយរូបថតមេដឹកនាំក្រុមហាម៉ាស តាមអ៊ីនធឺណិត ដែលក្នុងនោះកងទ័ពបានអំពាវនាវឲ្យពលរដ្ឋហ្គាហ្សាផ្តល់ព័ត៌មាន អំពីលោក Yahya Sinwar មេដឹកនាំក្រុមប្រដាប់អាវុធហាម៉ាសនៅតំបន់ហ្គាហ្សា ។

ក្រៅពីលោក Sinwar, ក្នុងខិត្តប័ណ្ណនោះក៏មានប្អូនប្រុសរបស់គាត់ឈ្មោះ Muhammed Sinwar ។
ដែលជាមេ​ដឹក​នាំ​យោធា​ដ៏​លេចធ្លោ​ក្នុង​ក្រុម​ប្រដាប់​អាវុធនៃកងពលតូច​ Al-Qassam។
លោក Mohammed Deif មេបញ្ជាការទូទៅនៃកងពលតូច Al-Qassam និងលោក Rafaa Salameh ជាមេបញ្ជាការរបស់កងវរសេនាតូច Khan Younis ។

ក្នុងខិត្តប័ណ្ណរបស់កងទ័ពអ៊ីស្រាអែលនោះបានរ៉ាយរ៉ាប់ទៀតថា “អ្នកដែលផ្តល់ព័ត៌មាននឹងទទួលបានរង្វាន់ជាទឹកប្រាក់ ៤០ ម៉ឺនដុល្លារសម្រាប់ការចាប់ខ្លួនលោក Yahya Sinwar, ៣០ ម៉ឺនដុល្លារសម្រាប់លោក Muhammed Sinwar, ២០ ម៉ឺនដុល្លារសម្រាប់លោក Rafaa Salameh និង ១០ ម៉ឺនដុល្លារសម្រាប់លោក Mohammed Deif”។

ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ៧ តុលាមក កងទ័ពអ៊ីស្រាអែលបាននិងកំពុងចែកចាយខិត្តប័ណ្ណនៅតាមផ្នែកផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប ។
ដែលជាផ្នែកមួយនៃសង្គ្រាមចិត្តសាស្ត្រប្រឆាំងនឹងប្រជាជនហ្គាហ្សាក្នុងគោលបំណងដើម្បីធ្វើពលរដ្ឋបាត់បង់ទំនុកចិត្តលើចលនាប្រដាប់អាវុធមួយនេះ ។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារ។
ដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ។

ខណៈសង្គ្រាមក៏កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗផងដែរ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព ។

សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានបន្តអូសបន្លាយពេលជាង ២ខែមកហើយ ដោយក្នុងនោះទាហានអ៊ីស្រាអែលជាង១១០ នាក់បានបាត់បង់ជីវិត។

ខណៈនៅតំបន់ហ្គាហ្សាវិញមានជនស៊ីវិលជាង១៨,៧០០ នាក់ត្រូវបានសម្លាប់ និង ៥០,៨០០ នាក់រងរបួស ក្រោយការវាយប្រហារមិនប្រណីដៃពីសំណាក់កងកម្លាំងរបស់លោក Netanyahu ៕

Leave a Reply

Your email address will not be published. Required fields are marked *