Update៖ មេដឹកនាំគណបក្សប្រធានាធិបតីស្រីលង្កា ឈ្នះការបោះឆ្នោតសភា!

លោក Anura Kumara Dissanayake មេដឹកនាំគណបក្សប្រធានាធិបតីស្រីលង្កា គ្រប់គ្រងលើក្រុមបក្សចម្រុះឆ្វេងនិយមទទួលបានជ័យជម្នះយ៉ាងធំសម្បើម ក្នុងការបោះឆ្នោតសភាដោយទទួលបានអាសនៈគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការកាត់បន្ថយភាពក្រីក្រ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសកោះដែលកំពុងងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុមួយនេះ។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជ័យជម្នះនេះត្រូវបានចាត់ទុកថា ជាការបោះឆ្នោតដ៏ប្រវត្តិសាស្ត្រដែលបង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយចំពោះការផ្លាស់ប្តូរ និងការរួបរួមជាតិ។ ការគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើល ពីតំបន់ភាគខាងជើង និងខាងកើត ដែលជាទីលំនៅរបស់ជនជាតិភាគតិចតាមិល បានរួមចំណែកដល់ជ័យជម្នះនេះ។ អ្នកវិភាគជឿជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះ នឹងជួយពង្រឹងស្ថិរភាពនយោបាយ នៅក្នុងប្រទេសស្រីលង្កា។
ទោះជាយ៉ាងណា ក៏មានការព្រួយបារម្ភ អំពីភាពមិនប្រាកដប្រជា នៃគោលនយោបាយសេដ្ឋកិច្ចនិងបញ្ហាប្រឈមក្នុងការដឹកនាំរដ្ឋាភិបាល ដោយសារកង្វះខាតអ្នកដឹកនាំដែលមានបទពិសោធន៍។
សូមជម្រាបថា កាលពីឆ្នាំ២០២២ ស្រីលង្កាបានប្រកាសការក្ស័យធនដោយសារជំពាក់បំណុលរបស់រដ្ឋច្រើនលើសលប់។ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនេះ បាននាំឱ្យមានការតវ៉ានិងការដួលរលំនៃរដ្ឋាភិបាល។ ក្រោយមក ស្រីលង្កាបានចុះកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីទទួលបានប្រាក់កម្ចី ជាថ្នូរនឹងការអនុវត្តកំណែទម្រង់សេដ្ឋកិច្ច។

បច្ចុប្បន្ន លោក Anura Kumara ប្រធានាធិបតីថ្មី បានប្តេជ្ញាចិត្តថា នឹងសហការជាមួយ IMF ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោកនឹងព្យាយាមចរចាឡើងវិញ នូវលក្ខខណ្ឌមួយចំនួនដែលលោកយល់ថា មិនអំណោយផលដល់ស្រីលង្កា៕

Leave a Reply

Your email address will not be published. Required fields are marked *