ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ដេីម្បីពង្រឹងវឌ្ឍនភាពការទូត ខណៈរដ្ឋបាលថ្មីរបស់លោក ដូ ណាល់ត្រាំ ដែលនឹងមកដល់នៅខែមករា ឆ្នាំ ២០២៥នេះ អាចជាក្តីបារម្ភសម្រាប់សម្ព័ន្ធមិត្តអាមេរិកទាំងពីរ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ឆ្នាំ ២០២៤។
កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) នៅទីក្រុងលីម៉ា ប្រទេសប៉េរូ បានបេីកឱកាសឱ្យ លោក បៃដិន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ដែលចូលកាន់តំណែងកាលពីខែតុលា បានជួបមុខគ្នាផ្ទាល់។ ប្រទេសទាំងបី បានប្រកាសពីការបង្កើតលេខាធិការដ្ឋានត្រីភាគី សម្រាប់រៀបចំកិច្ចប្រជុំផ្លូវការ។
សេចក្តីថ្លែងការណ៍រួម គូសបញ្ជាក់ ដូចច្នេះថា « ជប៉ុន កូរ៉េខាងត្បូង និងអាមេរិក ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់មេដឹកនាំកូរ៉េខាងជើង និងរុស្ស៉ី ដើម្បីពង្រីកសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន»។
គួរបញ្ជាក់ថា ការធ្វើឱ្យកូរ៉េខាងត្បូង និងជប៉ុនធ្វើការរួបរួមគ្នាត្រូវបានចាត់ទុកថាជាសមិទ្ធិផលការទូតមួយក្នុងចំណោមសមិទ្ធិផលការទូតនៃអាណត្តិប្រធានាធិបតីរយៈពេល ៤ឆ្នាំរបស់លោក បៃដិន៕