(តូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ។
បានអនុញ្ញាតឱ្យលោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួបនេះ លោក គីម មូចូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីសកម្មភាពនៃខ្សែច្រវាក់ផលិតកម្មជាច្រើនរបស់ក្រុមហ៊ុន ជាអាទិ៍៖សម្លៀកបំពាក់, គ្រឿងសំអាង, គ្រឿងឧបភោគ-បរិភោគ ជាដើម ។
ជាមួយគ្នានេះ លោកនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ថា ដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក គីម មូចូ នាយកក្រុមហ៊ុន PFI ព្រមទាំងសហការី និងបានបង្ហាញក្តីរីករាយចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះក្រុមហ៊ុន ដែលមានការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបក្នុងការផលិតផលិតផលចេញពីស៊ុតមាត់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ។
ដោយនាំយកបច្ចេកវិទ្យានេះទៅជាមួយ ដើម្បីជាការផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាកសិករកម្ពុជា ហើយមួយវិញទៀត ការច្នៃប្រឌិតបង្កើតបច្ចេកវិទ្យាថ្មីៗបែបនេះ គឺជាការកាលានុវត្តភាពដ៏ចាំបាច់ក្នុងធានាបាននូវសមត្ថភាពក្នុងការប្រកួតប្រជែងរបស់កម្ពុជា ផងដែរ ៕