Update៖ លោក ពូទីន បន្ថយការរឹតត្បិតចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបន្ថយការរឹតត្បិត ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់ប្រទេសលោក កាលពីថ្ងៃអង្គារ(ទី១៩ខែវិច្ឆិកា)។

ប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារនៅខាងក្នុងប្រទេសរុស្ស៊ី ដោយប្រើមីស៊ីលអាមេរិក។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាល Biden តាមសេចក្តីរាយការណ៍បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយរបស់អាមេរិក វាយប្រហារទៅក្នុងទឹកដីរុស្ស៊ី។

គោលលទ្ធិថ្មីនេះ បានបន្ថយកម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បើប្រៀបធៀបទៅនឹងគោលលទ្ធិឆ្នាំ ២០២០ ដែលអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរ ឬការវាយប្រហារធម្មតាដែលគំរាមកំហែងដល់អត្ថិភាពនៃរដ្ឋប៉ុណ្ណោះ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានបញ្ជាក់ថា «ការទប់ស្កាត់នុយក្លេអ៊ែរមានគោលបំណងធានាឱ្យសត្រូវ យល់ពីភាពជៀសមិនរួចនៃការសងសឹកក្នុងករណីមានការឈ្លានពានប្រឆាំងនឹងសហព័ន្ធរុស្ស៊ី និង/ឬសម្ព័ន្ធមិត្ត»។

គួរបញ្ជាក់ថា ការព្រមាននេះ ធ្វើឡើងក្នុងបរិបទនៃសង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយជាង ១,០០០ថ្ងៃ និងបានបង្កើនភាពតានតឹង រវាងរុស្ស៊ីនិងលោកខាងលិច។ អ្នកវិភាគជឿជាក់ថា ការប្រកាសគោលលទ្ធិនុយក្លេអ៊ែរថ្មីនេះ គឺជាការព្យាយាមរបស់លោកពូទីន ក្នុងការគូសបន្ទាត់ក្រហម សម្រាប់លោកខាងលិច និងទប់ស្កាត់ការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *