ក្រសួងការបរទេសសិង្ហបុរី បានឱ្យដឹងនៅថ្ងៃអង្គារ(ទី១៩ខែវិច្ឆិកា)នេះថា សិង្ហបុរី និងអាល្លឺម៉ង់បានព្រមព្រៀងគ្នា ដំឡើងកម្រិតទំនាក់ទំនងឱ្យដល់ភាពជាដៃគូយុទ្ធសាស្រ្ត ខណៈមេដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តបន្តធ្វើការ ក្នុងនាមជា «ដៃគូដែលមានចិត្តគំនិតដូចគ្នា»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ការសម្រេចចិត្តនេះ ធ្វើឡើងនៅពេលដែលនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong បានជួបអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅឯកិច្ចប្រជុំកំពូល G20។ ប្រទេសទាំងពីរ បានលើកឡើងក្នុងសេចក្តីប្រកាសរួមមួយថា ភាពជាដៃគូយុទ្ធសាស្រ្តនេះ នឹងជួយជំរុញសន្តិភាព ស្ថិរភាព វិបុលភាព ក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក។ សិង្ហបុរី-អាល្លឺម៉ង់ បាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការ ទៅកាន់វិស័យថ្មីៗមួយចំនួនទៀត ដូចជាថាមពលស្អាត សកម្មភាពអាកាសធាតុ ការតភ្ជាប់គ្នា សន្តិសុខអ៉ីនធឺណិត និងឌីជីថលនីយកម្ម។ នៅក្រោមសសរស្តម្ភការពារជាតិ និងសន្តិសុខ ប្រទេសទាំងពីរបានយល់ព្រមបន្ត និងបង្កើនការចូលរួម រៀបចំដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា កាន់តែស៉ីជម្រៅ។
គួរបញ្ជាក់ថា ភាពជាដៃគូយុទ្ធសាស្រ្តសិង្ហបុរី-អាល្លឺម៉ង់ នឹងបន្តកសាងអ្វីដែលមានក្នុងសេចក្តីថ្លែងការណ៍រួមស្តីពី «ដៃគូដើម្បីភាពធន់នៃអនាគត និងនិរន្តរភាព» ដែលប្រទេសទាំងពីបានធ្វើក្នុងឆ្នាំ ២០២២ និងមុនថ្ងៃខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ ២០២៥៕