ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី លើកទឹកឱ្យធ្វើការផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ព្រោះតែការផ្សព្វផ្សាយនេះហើយទើបធ្វើឱ្យភ្ញៀវទេសចរមកកម្ពុជាកើនឡើង។ សម្ដេចធិបតីបញ្ជាក់ថា គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ ប៉ុន្ដែការផ្សព្វផ្សាយវិជ្ជមាន គឺដើម្បីកម្ពុជាទាំងអស់គ្នា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់សារជាថ្មីថា គ្មានការដោះដូរ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នោះទេ ប៉ុន្ដែគឺមានការពង្រីកសាលាបន្ថែមដោយសារតែកំណើននិស្សិតមានការចុះឈ្មោះចូលរៀននៅសាលានេះកាន់តែច្រើន។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ប្រកាសថ្លែងអំណរគុណដល់បណ្ដាសាកលវិទ្យា ដែលបានផ្ដល់អាហារូបករណ៍ដល់សម្ដេចតេជោ (សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត) ដែលអាចផ្ដល់ឱកាសដល់និស្សិតដែលគ្មានលទ្ធភាពអាបន្តការសិក្សានៅសាកលវិទ្យាល័យបាន។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ឱកាសការងារមានច្រើនកម្រិត ច្រើនប្រភេទ និងច្រើនទីកន្លែង អ៊ីចឹងការទទួលបានការងារក៏ផ្សេងៗគ្នា ហើយការទទួលបានការងារមុខតំណែងកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ និងជំនាញកាន់តែខ្ពស់ ដូច្នេះឱកាសដែលមានអាស្រ័យទៅលើសមត្ថភាព ចំណេះដឹង និងគុណវុឌ្ឍិរបស់សិស្ស និស្សិតផ្ទាល់។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ នៅកម្ពុជាគ្មានការបែងចែកវណ្ណៈនោះទេ ដូច្នេះកូនអ្នកនេសាទ ឬកូនអ្នកកសិករ អ្នកស្រែចម្ការ ក៏អាចក្លាយជាមន្រ្ដីរាជការ អ្នកដឹកនាំនៅតាមបណ្ដាក្រសួង ស្ថាប័ននានា ក៏ដូចជាអ្នកជោគជ័យនៅក្នុងជំនួញផងដែរ លទ្ធផលទាំងនេះ គឺអាស្រ័យទៅលើការអប់រំរបស់ពួកគេ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ សភាពការណ៍ពិភពលោកដើរលឿនណាស់ ហើយការប្រកួតប្រជែងក៏មានការប្រកួតប្រជែងខ្លាំងណាស់ដែរ ទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច ដូច្នោះទាមទារឱ្យកម្ពុជាមានធនធានមនុស្សដែលខ្លាំង និងមានសមត្ថភាពក្នុងការប្រកួតប្រជែង ខណៈដែរកម្ពុជាមិនត្រឹមតែទាក់ទាញការវិនិយោគក្នុងវិស័យរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏ត្រូវទាក់ទាញកាវិនិយោគលើវិស័យបច្ចេកវិទ្យា និងយានយន្តទំនើបផងដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ក្រុមហ៊ុន BYD កំពុងចរចាមកបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំក្រោយ ខណៈកម្ពុជាក៏កំពុងមានក្រុមហ៊ុនរថយន្តរបស់ជប៉ុន កូរ៉េ និងក្រុមហ៊ុនរថយន្តជាច្រើនទៀតកំពុងវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា វិស័យ ឧស្សាហកម្ម និងកម្មន្តសាល និងបច្ចេកវិទ្យា ជាវិស័យអាទិភាពចំបងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះរាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍ និងវិនិយោគលើវិស័យនេះ ដើម្បីអនុវត្តនៅឆ្នាំ ២០២៥ ខាងមុខ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យសិក្សាបន្ថែមលើការស្ថាបនាផ្លូវរថភ្លើងខ្លីមួយខ្សែបន្ថែមនៅលើទឹកដីខេត្តសៀមរាប ដើម្បីផ្ដល់ភាពងាយស្រួលដល់ការដឹកញ្ជូន វិស័យទេសចរណ៍នៅខេត្តសៀមរាប។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ដោយសារតែបញ្ហាសេដ្ឋកិច្ចសាកលប្រទេសជិតខាងកម្ពុជាមួយចំនួនមានបញ្ហាអតិផរណា ដែលបណ្ដាលឱ្យទំនិញមួយចំនួនឡើងថ្ងៃរហូតដល់ទៅ ៣០% ប៉ុន្ដែប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបាន មិនឱ្យមានបញ្ហាអតិផរណានេះ កើតឡើងឡើយ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំទៅនិស្សិតថា ប្អូនអាចធ្វើការងារធំជោគជ័យទៅបាន ទាល់តែប្អូនអាចធ្វើការងារជោគជ័យពីតូចៗទៅជាមុនសិន ខណៈដែលរាជរដ្ឋាភិបាលក៏បានអនុវត្តបែបនេះដែរ គឺអនុវត្តឱ្យបានល្អតាំងតែពីការងារតូច ល្អិត ទៅតែម្ដង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំទៅនិស្សិតឱ្យប្រើប្រាស់ចំណេះដឹងឱ្យសាកសមជាបញ្ញវន្ត កុំពឹងលើការសម្រេចចិត្តរបស់អ្នកដទៃ និស្សិតដែលខិតខំសិក្សារៀនសូត្រត្រូវយកចំណេះដឹងមកសម្រេចចិត្តដោយឯករាជ្យ ម្ចាស់ការលើខ្លួនឯង ក្រោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំទៅនិស្សិតឱ្យយកចំណេះរបស់ខ្លួនដែលបានខិតខំរៀនសូត្រ យកទៅអនុវត្តឱ្យស្របទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ កុំយកចំណេះទៅអនុវត្តខុស។

Leave a Reply

Your email address will not be published. Required fields are marked *