(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងដោះស្រាយអោយអ្នកអត់ដីពិតប្រាកដដោយផ្តល់ដីសម្បទានសេដ្ឋកិច្ច ពោលគឺរាជរដ្ឋាភិបាលមានកម្មវិធី «ផ្តល់ដីការពារព្រៃ» គឺសម្រាប់ប្រជាជនដែលអត់ដីពិតប្រាកដ ដែលកម្មវិធីនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៥តទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋកុំអោយជឿតាមការបំផុសបំផុលរបស់ក្រុមប្រឆាំងថានឹងផ្តល់ដីអោយ និងចោទរដ្ឋាភិបាលថា ប្លន់ដីប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋគ្មានគោលនយោបាយធ្វើបាបប្រជាពលរដ្ឋ ឬដណ្តើមដីប្រជាពលរដ្ឋទេ គឺមានតែចែកដីជូនប្រជាពលរដ្ឋដែលពុំមានដីពិតប្រាកដ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធសមិទ្ធផលនានាក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ»នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤៕