(ភ្នំពេញ)៖ បុរសម្នាក់បានបើករថយន្តម៉ាក lexus Nx200T តាមបណ្ដោយផ្លូវទេពផនក្នុងល្បឿនយ៉ាងលឿនបានបុករះម៉ូតូចំនួន ០២គ្រឿង ដើមឈើមួយដើមបាក់ដល់គល់ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់០២នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបសំណង់១២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើករថយន្តម៉ាក lexus Nx200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-4562 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចស្តុបសំណង់១២ រថយន្តបានបុកម៉ូតូ ពីរគ្រឿង កំពុងបើកឆ្លងភ្លើងស្តុប (ភ្លើងស្តុបពណ៌ខៀវ) មួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកភ្នំពេញ 1KF-2588 និង ម៉ូតូមួយគ្រឿងទៀតម៉ាក Let បណ្ដាលឲ្យម៉ូតូ PCX និង ម្ចាស់ម៉ូតូ ជាប់លើកញ្ចក់រថយន្តរហូតមកបុក ផ្តាច់ដើមឈើមួយដើមបាក់ដល់ដី បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូ PCX ស្លាប់ភ្លាមៗនៅក្បែររថយន្ត និង មានមនុស្ស០២នាក់ផ្សេងទៀតរងរបួសធ្ងន់។ ចំណែករថយន្តរងការខូចខាត ខ្ទេចមួយកំណាត់មុខនិង ដាច់ម៉ូតូ PCX ជាពីរកំណាត់ផងដែរ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជូនមនុស្សរងរបួសទៅមន្ទីរពេទ្យភ្លាមៗ ចំពោះសពត្រូវបានប្រគល់ជូនដាច់ញាតិមកទទួលធ្វើបុណនយតាមប្រពៃណី។ ចំណែកម្ចាស់របស់បង្កនិងរថយន្ត បានឃាត់ខ្លួន បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕