តុលាការផ្តន្ទាទោសអតីតអភិបាលរងស្រុកម្នាក់ និងបក្ខពួក២នាក់ ពាក់ព័ន្ធករណីទន្ទ្រានដីព្រៃលិចទឹក!

(កំពង់ឆ្នាំង)៖ ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀលបង់ចូលថវិការដ្ឋ លើអតីតអភិបាលរងស្រុកកំពង់លែង លោក ពុំ សុផល ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចាប់ខ្លួនកាលពីពេលកន្លងទៅ ពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។
ដោយឡែកក្រៅពីអតីតអភិបាលរងស្រុកក៏នៅមានបុគ្គល២នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនជាមួយគ្នានេះ គឺឈ្មោះលឹម ដានីន អតីតប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង និងឈ្មោះ ជួន តុំ ម្ចាស់សិប្បកម្មផលិតទឹកកក ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារម្នាក់៤ឆ្នាំ និងពិន័យ១០លានរៀល។ ការប្រកាសសាលក្រមបុគ្គលទាំង៣នាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
សូមរំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនអភិបាលរងស្រុកកំពង់លែងម្នាក់ និងបុគ្គល២រូបទៀតទៅតុលាការខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបទំហំ៩ហិកតា ដែលជាជម្រកត្រីពងកូន ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។បើតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) លោក សយច័ន្ទវិចិត្ត បានឲ្យដឹងថា ដើម្បីដំណើរការគៃបំបាត់ដីរដ្ឋនេះ ជនសង្ស័យខាងលើបានប្រើប្រាស់ឧបាយកលមួយចំនួនដូចជា ការធ្វើលិខិតទិញលក់ ដែលធាតុពិតដីនេះមិនដែលមានការអាស្រ័យផលឡើយ។គ្រាន់តែបានលិខិតទិញលក់ភ្លាម ពួកគេបានដាក់ត្រាក់ទ័រចំនួន៥គ្រឿង ចូលឈួសឆាយតែម្តង ដោយក្នុងគោលបំណងធ្វើការឈួសឆាយឲ្យបានរួចរាល់ក្នុងរយៈពេលតែមួយថ្ងៃ តែដោយមានឧបសគ្គដោយតំបន់នោះមានព្រៃលិចទឹកដែលមានទំហំធំៗ ដូចនេះការឈួសឆាយសម្រេចបានត្រឹមទំហំ៤ហិកតា នៃផ្ទៃដី៩ហិកតា។
ការឈួសឆាយក្នុងថ្ងៃទី២ ក៏ត្រូវបែកការណ៍ រហូតដល់មានមន្រ្តីជលផលស្រុកកំពង់លែង ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះទៅឃាត់ និងរាយការណ៍ដល់ថ្នាក់ខេត្ព្រមទាំងរៀបចំកសាងសំណុំរឿង។ ប៉ុន្តែដោយបទល្មើសនេះមានជាប់ពាក់ពន្ធ័និងបញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់ រដ្ឋបាលជលផលស្រុកកំពង់លែងក៏បានផ្ទេរសំណុំរឿងនេះមកអង្គភាព។
អង្គភាពបានធ្វើការស៊ើបអង្គេត ប្រមូលភស្តុតាង ស្តាប់ចម្លើយជនសង្ស័យ និងសាក្សី (សរុប១៥នាក់) ហើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យទាំងប៣ខាងលើ និងបានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័បទល្មើសចំនួនពីរ (បញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់) និង (បញ្ញត្តិមាត្រា៩៨ ចំនុចទី១ នៃច្បាប់ស្តីពីជលផល)។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ឈ្មោះ ជួន តុំ និង ឈ្មោះ លឹម ដានីន ជាអ្នកប្រព្រឹត្តិផ្ទាល់ ដោយមានការសម្របសម្រួលឲ្យមានការឈួស ឆាយ កាប់ឆ្ការដីព្រៃលិចទឹកនេះ នៅចំនុចតាទុំភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយឈ្មោះ ពុំ សុផល (មាត្រា២៩ និយមន័យនិងអ្នកសមគំនិត)៕

Leave a Reply

Your email address will not be published. Required fields are marked *