(មណ្ឌលគិរី)៖ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី ចុះបង្ក្រាបបានមុខសញ្ញាលួចនិងអ្នកទទួលផលចោរកម្ម រួមទាំងវត្ថុតាងមានទាំងអាវុធកែច្នៃជាច្រើនដើម។ ប្រតិបត្តិការបង្ក្រាបនោះរយៈមានពេលពីរថ្ងៃ។
លោកវរសេនីយ៍ឯកចំរើន ភីរុណ ស្នងការរងនគរបាលខេត្តកាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ថានៅថ្ងៃទី៩ ខែធ្នូឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម កំពុងល្បាតនៅក្នុងមូលដ្ឋានបានប្រទះឃើញមុខសញ្ញាដែលតែងតែធ្វើសកម្មភាពលួចម៉ូតូនៅចំណុចឃុំស្រែខ្ទុម និងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ជនសង្ស័យឈ្មោះ ឃឿន ប៊ុនធឿន (ហៅត្រេន)។
ភ្លាមៗនោះ សមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមាភ្លាម។ក្រោយសាកសួរនាំរួច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូនៅចំណុចខាងលើជាច្រើនលើកពិតប្រាកដមែន ហើយបានយកទៅលក់ឱ្យឈ្មោះ ហ៊ីម វីរ៉ា (ហៅម៉ាប់) មានអាសយដ្ឋានភូមិរហារ៍ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ម៉ូតូចំនួន៣គ្រឿង ។លោកវរសេនីយ៍ឯក ចំរើន ភីរុណ បន្តថា ក្រោយពីការស្រាវជ្រាវ និងបានចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលព្រហ្មទណ្ឌនិងមានការសម្របសម្រួលដោយលោក អ៊ាង សុគុន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានពន្លាតដែនដីសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ ចុះដល់ចំណុចសង្ស័យថា ជាទីតាំងទទួលផលចោរកម្ម និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត ។ទី១.ឈ្មោះ ហ៊ីម វីរ៉ា(ហៅម៉ាប់)ទី ២.ឈ្មោះ ភឿន ញេន និងទី៣.ឈ្មោះ សេង ម៉ាប់(ហៅតាកូរ៉េ) ។ក្នុងករណីលួច និងទទួលផលចោរកម្ម និងកែច្នៃអាវុធខុសច្បាប់ខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូ Yamaha Exenter ១គ្រឿង ម៉ូតូ Honda wave អាល់ហ្វា១គ្រឿង ទូរស័ព្ទដៃ២គ្រឿង ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន១កញ្ចប់ធំ និង៨កញ្ចប់តូច កាំភ្លើងកែច្នៃប្រើហ្គាស៤ដើម ដាវ៣ដើម ពូថៅ៣ដើម និងកាំបិតផ្គាក់២ដើម ។បច្ចុប្បន្ន ជនសង្ស័យពីឃាត់ខ្លួនចំនួន៤នាក់ និងវត្ថុតាងពាក់ព័ន្ធត្រូវបានកសាងសំណុំរឿងបញ្ជូនតុលាការចាត់ការតាមនីតិវិធី ៕