សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុបបានអនុម័តការដាក់ទណ្ឌកម្មកញ្ចប់ទី១៥ ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រួមទាំងវិធានការតឹងរឹងប្រឆាំងនឹងអង្គភាពរបស់ចិន និងកងនាវាជាច្រើន នៅក្នុងអ្វីដែលគេហៅថាកងនាវាស្រមោលរបស់ទីក្រុងម៉ូស្គូ។
ប្រភពពីសារព័ត៌មានReuters។
ការរឹតបន្តឹងថ្មីនេះបានបន្ថែមនាវាចំនួន ៥២គ្រឿង នៃកងនាវាស្រមោលដែលព្យាយាមគេចវេះការរឹតបន្តឹងរបស់លោកខាងលិច ក្នុងការដឹកជញ្ជូនប្រេង អាវុធ និងគ្រាប់ធញ្ញជាតិដែលនាំឱ្យចំនួននាវាសរុបនៅក្នុងបញ្ជីខ្មៅ កើនឡើងដល់ ៧៩គ្រឿង។ ការបន្ថែមនាវាទាំងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃចំនួននាវាដែលដឹកជញ្ជូនទំនិញ ដោយគ្មានការត្រួតពិនិត្យ ឬការធានាពីក្រុមហ៊ុនលោកខាងលិច។
កញ្ចប់ទណ្ឌកម្មនេះ ក៏បានបន្ថែមបុគ្គលនិងអង្គភាពថ្មីចំនួន ៨៤ រួមទាំងបុគ្គល និងអង្គភាពចំនួនប្រាំពីររបស់ប្រទេសចិន ដែលត្រូវបានចោទប្រកាន់ថា បានជួយរុស្ស៊ីក្នុងការគេចវេះទណ្ឌកម្ម និងផ្គត់ផ្គង់គ្រឿងបន្លាស់ សម្រាប់យន្តហោះគ្មានមនុស្សបើក និងគ្រឿងអេឡិចត្រូនិច។ នេះជាលើកដំបូងហើយដែលសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មពេញលេញ ទៅលើចិនដែលរួមមាន ការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ។
ក្រៅពីក្រុមហ៊ុន និងបុគ្គលចិន កញ្ចប់ទណ្ឌកម្មនេះ ក៏រួមបញ្ចូលទាំងមន្ត្រីជាន់ខ្ពស់រុស្ស៊ី មន្ត្រីកូរ៉េខាងជើង និងក្រុមហ៊ុន ព្រមទាំងអង្គភាពនៅក្នុងប្រទេសឥណ្ឌា អ៊ីរ៉ង់ ស៊ែប៊ី និងអារ៉ាប់រួម។ សហភាពអឺរ៉ុប ក៏បានបន្ថែមវិធានការហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្ម ទៅលើក្រុមហ៊ុនហិរញ្ញវត្ថុអឺរ៉ុប ដូចជាធនាគារអឺរ៉ុបសម្រាប់ការទូទាត់ដែលកំពុងគ្រប់គ្រងទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី។ កាលពីដើមឆ្នាំនេះ ក្រុមប្រទេស G7 បានយល់ព្រមប្រើប្រាស់មូលនិធិដែលបានបង្កកដើម្បីគាំទ្រប្រាក់កម្ចី ចំនួន ៥០ពាន់លានដុល្លារ ដល់អ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី៕