(ភ្នំពេញ)៖ នៅទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា។
ក្នុងពិធិបិទសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា អិចន្ត្រៃយ៍បក្ស ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាលគណបក្សជាច្រើនរូបទៀតផងដែរ។
-គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ សន្និបាតនេះ មានការអញ្ជើញចូលរួមពីគណៈចលនាមហាជន តំណាងគណៈជំនាញ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ប្រមាណ២,០០០នាក់។
សន្និបាតនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក្នុងតួនាទីជាស្ថាប័នជំនួយការឱ្យគណៈកម្មាធិការកណ្តាល លើការងារដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជនរបស់គណបក្ស ក្នុងស្រទាប់មហាជន រួមមាន យុវជន ស្ត្រី កម្មករនិយោជិត និងអង្គការសង្គមនានា សំដៅរៀបចំទិសដៅការងារបន្ត ដែលឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់មហាជន ស្របតាមបរិបទនៃការវិវឌ្ឍថ្មីៗរបស់សង្គម។
សន្និបាតបានបើកការជជែកពិភាក្សាយ៉ាងផុលផុស ហើយក៏មានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រមួយចំនួនពាក់ព័ន្ធកិច្ចការមហាជនផងដែរ៕