Update៖ ជប៉ុន-អាមេរិក និយាយថា ក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង បានលួចលុយចំនួន៣០០លានដុល្លារ!

ប៉ូលិសជប៉ុន និងប៉ូលិស FBI របស់សហរដ្ឋអាមេរិក កាលពី(ថ្ងៃអង្គារ ទី២៤ ខែធ្នូ)បាននិយាយថា ក្រុមចោរhacker របស់ប្រទេសកូរ៉េខាងជើង បានលួចលុយឌីជីថលគ្រីបតូ (cryptocurrency) ចំនួនជាង៣០០លានដុល្លារ ពីក្រុមហ៊ុនជួញដូរលុយគ្រីបតូ DMM Bitcoin ដែលមានមូលដ្ឋាន នៅប្រទេសជប៉ុន។ ប្រភពពីព័ត៌មានAFP។

ប៉ូលិសជប៉ុននិងFBI និយាយថា ក្រុម hacker នោះ មានឈ្មោះថា The TraderTraitor ដែលទំនងជាផ្នែកនៃក្រុម hacker ធំហៅថា Lazarus Group ដែលត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
ក្រុម Lazarus Group ទទួលបានភាពល្បីឈ្មោះដំបូង កាលពី១០ឆ្នាំមុន នៅពេលដែលក្រុម hacker នោះតែងតែធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ិនធើណិត លើក្រុមហ៊ុន Sony Pictures ដើម្បីជាការសងសឹក សម្រាប់ខ្សែភាពយន្ត The Interview ដែលជាភាពយន្តចំអក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
កម្មវិធីឯកទេសផ្នែក cyber-warfare ឬសង្រ្គាមអ៊ិនធើណិតរបស់ប្រទេសកូរ៉េខាងជើង មានអាយុកាលយ៉ាងហោច តាំងតែពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ​មកម៉្លេះ៕

Leave a Reply

Your email address will not be published. Required fields are marked *