ហេតុអ្វីបានជារាជរដ្ឋាភិបាល នីតិកាលទី៧ បន្តផ្តល់អាទិភាពទៅលើការអភិវឌ្ឍធនធានមនុស្ស?!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ ឱ្យតម្លៃខ្ពស់ និងផ្ដល់អាទិភាពដល់វិស័យអប់រំ ដែលដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់ មានគុណភាព ផ្តល់ចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតនវានុវត្តន៍ និងការអប់រំអត្តចរិត ឱ្យក្លាយជាពលរដ្ឋល្អ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់វប្បធម៌ អរិយធម៌ កិត្តិយស កិត្យានុភាព និងមោទនភាពជាតិ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យអប់រំ រាជរដ្ឋាភិបាល បានបន្តអនុវត្តយុទ្ធសាស្រ្តកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់យកបញ្ចកោណទី១ ការអភិវឌ្ឍធនធានមនុស្ស ជាយុទ្ធសាស្រ្តអាទិភាព ជាពិសេស ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ប្រកបដោយសីលធម៌ និងសមធម៌ នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ទាំងរដ្ឋ និងឯកជន ដោយផ្ដោតលើចំណេះដឹង បទពិសោធន៍ ជំនាញបច្ចេកទេស ជំនាញវិជ្ជាជីវៈ សមត្ថភាពសហគ្រិនភាព ការច្នៃប្រឌិត គុណធម៌ សីលធម៌មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ ដើម្បីតម្រង់ទិសឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *