អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអាឡឺម៉ង់ កំពុងពិនិត្យមើលជម្រើសយោធា និងទិដ្ឋភាពច្បាប់សម្រាប់ការចូលរួមជាមួយកងកម្លាំងជើងទឹកអាមេរិក ដើម្បីការពារនាវាដែលឆ្លងកាត់សមុទ្រក្រហម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៊ែរឡាំង លោក Steffen Hebestreit បាននិយាយថា ការវាយប្រហារសំដៅ លើនាវាស៊ីវិល និងការរំខានដល់ពាណិជ្ជកម្មតាមសមុទ្រនៅសមុទ្រក្រហម គឺមិនអាចទទួលយកបានទេ។
លោក Hebestreit បាននិយាយថា “ឥឡូវនេះយើងកំពុងពិនិត្យមើលថាតើមានជម្រើសមួយសម្រាប់ប្រទេសអាឡឺម៉ង់ក្នុងការចូលរួមក្នុងបេសកកម្មនេះដែរឬទេ” ដោយបន្ថែមថា កិច្ចពិភាក្សាកំពុងបន្តលើក្របខ័ណ្ឌច្បាប់ បញ្ហាភស្តុភារ និងជម្រើសយោធា។
លោកបន្តថា “កងទ័ពអាល្លឺម៉ង់ គឺជាកងទ័ពសភា។ នោះមានន័យថា ត្រូវការអាណត្តិពីសភា ដើម្បីចូលរួមក្នុងបេសកកម្មបែបនេះ។ សេចក្តីសម្រេចចុងក្រោយនឹងត្រូវធ្វើឡើងដោយសភា”។
នៅក្នុងសន្និសីទសារព័ត៌មានដដែលនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Christian Wagner បាននិយាយថា បច្ចុប្បន្នកិច្ចពិភាក្សាកំពុងដំណើរការក្នុងចំណោមសម្ព័ន្ធមិត្តណាតូ និងដៃគូអឺរ៉ុប។
លោកបាននិយាយថា “យើងកំពុងពិភាក្សាជាមួយដៃគូអឺរ៉ុប និងសហរដ្ឋអាមេរិករបស់យើង លើប្រធានបទនៃវិធីរារាំងការវាយប្រហារទាំងនេះ ហើយនេះរួមបញ្ចូលទាំងការចូលរួមដែលអាចកើតមាននៅក្នុងប្រតិបត្តិការនេះ។ ប៉ុន្តែការពិភាក្សាផ្ទៃក្នុងកំពុងតែធ្វើនៅពេលនេះ។ នៅដំណាក់កាលនេះ ខ្ញុំមិនអាចប៉ាន់ស្មានអំពីលទ្ធផលដែលអាចកើតឡើងបានទេ”។
យោងតាមរបាយការណ៍របស់ទូរទស្សន៍សាធារណៈ ARD រដ្ឋាភិបាលអាល្លឺម៉ង់រង់ចាំការសម្រេចចិត្តពី EU ឬ NATO លើបេសកកម្មដើម្បីជម្រះឧបសគ្គផ្លូវច្បាប់។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការដាក់ពង្រាយកងកម្លាំងជើងទឹកអាល្លឺម៉ង់ដែលអាចកើតមាននៅក្នុងសមុទ្រក្រហមទាមទារអាណត្តិសភា ហើយដើម្បីឱ្យរឿងនេះកើតឡើង បេសកកម្មត្រូវដំណើរការក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ អង្គការណាតូ ឬសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសកាលពីដើមសប្តាហ៍នេះ អំពីការបង្កើតកងនាវាចរចម្រុះជាតិសាសន៍ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់ក្រុម Houthi លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។
យោងតាមសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ ប្រជាជាតិណាតូ ចក្រភពអង់គ្លេស កាណាដា បារាំង អ៊ីតាលី ន័រវេស និងហូឡង់ បានសន្យាគាំទ្រដល់ប្រតិបត្តិការការពារភាពរុងរឿង ដើម្បីការពារនាវាឈ្មួញដែលឆ្លងកាត់រវាងអាស៊ី និងអឺរ៉ុប៕