ឆ្លើយតបនឹងការព្រមានដំឡើងថ្លៃពន្ធរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក តៃវ៉ាន់បានបញ្ជាក់ថា អាជីវកម្មផលិតផលពាក់កណ្តាលសម្រេច (semiconductor) រវាងតៃវ៉ាន់ និងអាមេរិក គឺជាគំរូឈ្នះ-ឈ្នះ។ ការអះអាងនេះ បង្ហាញពីកម្រិតខ្ពស់នៃការបំពេញបន្ថែមរវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសនៅក្នុងវិស័យ semiconductor ដែលមានសារៈសំខាន់សម្រាប់ប្រជាជាតិទាំងពីរ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។
តៃវ៉ាន់គឺជាផ្ទះរបស់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់បន្ទះឈីបកម្រិតខ្ពស់ដល់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកដូចជា Apple និង Nvidia ជាដើម។
យោងតាមរបាយការណ៍ចុះផ្សាយបានបង្ហាញថា លោក Trump បានប្រកាសនៅថ្ងៃចន្ទថា លោកគ្រោងនឹងដាក់ពន្ធថ្មីលើទំនិញនាំចូល ដូចជា បន្ទះឈីប ឱសថ និងដែកថែប។ យ៉ាងណាក្នុងការឆ្លើយតបនឹងប្រកាសនេះ តៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «តៃវ៉ាន់ និងសហរដ្ឋអាមេរិក និងឧស្សាហកម្មបច្ចេកវិទ្យាផ្សេងទៀត គឺមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងចំពោះគ្នាទៅវិញទៅមក ជាពិសេសការឌីហ្សាញដោយសហរដ្ឋអាមេរិក, គំរូរោងចក្រតៃវ៉ាន់ ដែលបង្កើតជាគំរូអាជីវកម្មឈ្នះឈ្នះ សម្រាប់ឧស្សាហកម្មតៃវ៉ាន់ និងសហរដ្ឋអាមេរិក»។ ពោលគឺ ភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យារបស់តៃវ៉ាន់ក្នុងការផលិតគ្រឿងអេឡិចត្រូនិកផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដែលកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីពន្ធគយរបស់សហរដ្ឋអាមេរិក៕