(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។
នេះបើតាមសេចក្ដីសម្រេច ដែលប្រមុខក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ មានតួនាទីជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា មន្ត្រីរូបនេះ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។
នេះមិនមែនជាលើកទីមួយទេដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មី សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិលើមន្ត្រីដែលរកឃើញថាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ និងច្បាប់ជាតិ។
ក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងតឹងរឹងផងដែរ។
សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នេះ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរម្លឹកដោយសង្កត់ធ្ងន់នូវប្រសាសន៍ដ៏ច្បាស់លាស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលលោកតែងតែបញ្ជាក់ថា មន្ត្រីនគរបាលជាតិរូបណាក៏ដោយ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ប្រសិនបើរកឃើញថាជាប់ព័ន្ធនឹងគ្រឿងញៀន ទាំងការរក្សាទុក ប្រើប្រាស់ និងជួញដូរ៕