កាលពីថ្ងៃចន្ទ(ទី៣ ខែកុម្ភៈ) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ចរចាជាមួយអ៊ុយក្រែន លើកិច្ចព្រមព្រៀងមួយដែលតម្រូវ ឱ្យទីក្រុងកៀវ ធានាឱ្យបាននូវការផ្គត់ផ្គង់ធនធានរ៉ែដ៏កម្រ ដែលមានសមាសធាតុដ៏សំខាន់ នៅក្នុងឧបករណ៍អេឡិកត្រូនិក ដើម្បីដូរយកជំនួយពីសហរដ្ឋអាមេរិក។
ប្រភពពីសារព័ត៌មាន AFP។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីខែតុលា ឆ្នាំមុន ក៏ធ្លាប់បានលើកឡើងផងដែរពីគំនិតដូចដែលលោក ត្រាំ បានលើកឡើងខាងលើជាផ្នែកមួយ នៃផែនការជ័យជម្នះរបស់លោក ក្នុងការបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងសម្លឹងមើលការចុះកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដែលនឹងធានាថាពួកគេនឹងផ្គត់ផ្គង់ត្រឡប់មកវិញនូវរ៉ែកម្រ ឬធនធានដទៃទៀត ជាថ្នូរដោះដូរនឹងជំនួយដែលយើងផ្ដល់ឱ្យពួកគេ»។
នៅពេលត្រូវសាកសួរបញ្ជាក់ដោយអ្នកកាសែតម្នាក់ ថាតើលោកចង់ឱ្យអ៊ុយក្រែនផ្ដល់ធនធានឱ្យសហរដ្ឋអាមេរិក? លោក ត្រាំ បានឆ្លើយថាពិតណាស់ ខ្ញុំចង់បានរ៉ែកម្រ៕