កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ)ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានជួបជាមួយនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ ស្របពេលដែលប្រទេសទាំងពីររឹតបន្តឹងចំណងទំនាក់ទំនងលើស្ថានការណ៍មិននឹងនរនៅលើពិភពលោក។
ប្រភពពីសារព័ត៌មាន Reuters។
លោកស្រី ផែថងថាន កំពុងបំពេញដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី៥ ដល់ទី៨ ខែកុម្ភៈ ដែលនេះគឺជា ទស្សនកិច្ចលើកដំបូង របស់មកកាន់ទីក្រុងប៉េកាំង គិតចាប់តាំងពីលោកស្រី បានចូលកាន់តំណែង កាលពីខែសីហា ឆ្នាំ២០២៤។ ទស្សនកិច្ចដែលមានរយៈពេល៤ថ្ងៃនេះ គឺធ្វើឡើងចំខួបទី៥០ នៃទំនាក់ទំនងការទូតចិន-ថៃ ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមស្រមោល នៃបញ្ហាមួយចំនួនដូចជា សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ និងក្តីកង្វល់អំពីសុវត្ថិភាព។
ករណីតារាសម្តែងចិនម្នាក់ ដែលបានធ្វើដំណើរទៅប្រទេសថៃ ហើយត្រូវបានគេបោកបញ្ឆោត នាំឆ្លងចូលទៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែក្រោយមក ក៏ត្រូវបានជួយសង្រ្គោះវិញនោះ បានបង្កឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុក នៅក្នុងប្រទេសចិន ជុំវិញបញ្ហាឧក្រិដ្ឋកម្មឆបោកឆ្លងព្រំដែន។ ថៃ ដែលបារម្ភអំពីផលប៉ះពាល់លើវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន បានព្យាយាមរំងាប់ក្តីកង្វល់អំពីបញ្ហាសុវត្ថិភាព ក្នុងចំណោមជនជាតិចិន ជាក្រុមភ្ញៀវទេសចរធំជាងគេបង្អស់ ដែលមកទស្សនាប្រទេសថៃ។ កាលពីថ្ងៃពុធសប្តាហ៍នេះ ថៃបានកាត់ផ្តាច់ ការផ្គត់ផ្គង់អគ្គិសនី អ៉ីនធើណិត និងឥន្ធនៈ ទៅកាន់តំបន់ព្រំដែនមួយចំនួន ក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីព្យាយាមទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មឆបោក៕