ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប!

(ភ្នំពេញ)៖ នៅព្រឹកទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២,៥៥១នាក់ នារី១,១៦៩នាក់។

ក្នុងឱកាសនោះ សម្តេចធិបតី បានមានប្រសាសន៍ថា អត្រាមានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សម្រេចបានរហូតដល់ ៨៦ភាគរយ។
លទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សាកលវិទ្យាល័យអាស៊ី អឺរ៉ុប និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន, សិក្សាស្រាវជ្រាវ, ធ្វើទំនើបកម្មបរិក្ខា និងបច្ចេកវិទ្យាគ្រប់គ្រង ព្រមទាំងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍ (R&D)កម្មវិធីសិក្សា ឱ្យស្របតាមទីផ្សារការងារ និងការវិវឌ្ឍនៃសង្គម។

សម្តេចធិបតី លើកទឹកចិត្តដល់និស្សិតជ័យលាភី ដែលកំពុង​ស្វែង​រកការងារ, សូមព្យាយាមស្វែងរកការងារទាំងក្នុង ក្របខណ្ឌសាធារណៈ និងឯកជន​បន្ដទៀត ដោយស្មារតីមុះមុត និងមានក្តីសង្ឃឹម ពីព្រោះតាមការព្យាករណ៍, សេដ្ឋកិច្ច កម្ពុជាដែលមានកំណើនខ្ពស់ ក្នុងរង្វង់ ៦% ក្នុង ឆ្នាំ២០២៤ និងបន្តមានកំណើន ខ្ពស់ថែមទៀត ដល់រង្វង់ ៦,៣% សម្រាប់ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី បានថ្លែងថា ការទទួលបានសញ្ញាបត្រនាពេលនេះ គឺជាការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់ សម្រាប់ជីវិតរបស់និសិ្សតជ័យលាភី។
សម្តេចមហាបវរធិបតី បង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិតជ័យលាភី នឹងខិតខំពុះពារ និងជម្នះរាល់បញ្ហាប្រឈមទាំងឡាយ ដើម្បីកសាង និងពង្រឹងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, បុគ្គលិកល្អដោយប្រើជំនាញ​ឯក​ទេស, ចំណេះដឹង និងចំណេះធ្វើរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួល​ខុស​ត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួន បម្រើប្រជាជនដោយស្មោះសរ ដើម្បីបុព្វហេតុ​ជាតិ​មាតុភូមិ។

សម្តេចធិបតី បានថ្លែងថា ការបញ្ចប់ការសិក្សានាពេលនេះ មិនមែនជាការបញ្ចប់ការសិក្សានោះទេ ពោលគឺចាំបាច់ត្រូវបន្តសិក្សារៀនសូត្របន្ថែមទៀតពេញមួយជីវិត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ព្រមទាំង​ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន នៅក្នុងទីផ្សារការងារ ដែលមានការប្រកួតប្រជែងកាន់តែខ្ពស់ជាមួយបណ្តាជនក្នុងប្រទេស និងក្រៅប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបន្តសិក្សារៀនសូត្រ អភិវឌ្ឍជំនាញ និងការប្រើប្រាស់បច្ចេកវិទ្យា គឺមិនត្រឹមតែជាការងារបន្ទាប់បន្សំនោះទេ, ប៉ុន្តែជាការងារស្នូលដែលបញ្ញាវន្ត និងអ្នកជំនាញ ត្រូវឱបក្រសោប ដើម្បីធានាស្ថិរ​ភាពការងារ និងសេចក្តីរុងរឿង ថ្កុំថ្កើននៃសង្គមជាតិកម្ពុជាខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការយល់ឃើញថា កំណើនភ្ញៀវកម្សាន្តនៅតាមដងផ្លូវតាមមាត់ទន្លេរាល់ថ្ងៃចុងសប្តាហ៍ ជាជោគជ័យមួយ ហើយបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ទម្លាយថា រាល់យប់ភរិយាសម្តេចតែងស្តាប់​ការសម្តែងធម៌អប់រំមុនពេលសម្រាន្ត។

សម្តេចធិបតី ផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និង កីឡា បន្តពង្រឹងកម្មវិធីសិក្សា និងបំផុសឱ្យសិស្សានុសិស្ស និងនិស្សិត អភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ តាមរយៈការស្វ័យសិក្សា ការសិក្សាស្រាវជ្រាវ និងការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្តានុពល និងផលិតភាព និងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមា​ពីបរិវត្តកម្មឌីជីថល ក៏ដូចជារួមចំណែកដល់ ការកសាងម៉ូដែលកំណើនថ្មីកម្ពុជា​ដែលផ្អែកលើជំនាញ​បច្ចេកវិទ្យា និងនវានុវត្តន៍។

សម្តេចធិបតី ណែនាំក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តធ្វើការសហការជាមួយវិស័យឯកជនធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ, អភិវឌ្ឍ និងធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សា ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម ទាំងជំនាញបច្ចេកទេស, ជំនាញរឹង និងជំនាញទន់ ជាពិសេសការធ្វើការងារជាក្រុម ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងកន្លែងការងារ តាមរយៈការពង្រឹងក្របខ័ណ្ឌគុណវុឌ្ឍជាតិ ការបង្កើតស្តង់ដារជាតិលើការអភិវឌ្ឍមុខជំនាញ សំដៅឆ្លើយតបទៅនឹង​សេចក្តីត្រូវការទីផ្សារពលកម្ម ការបង្កើតឱកាសទទួលបានការងារ និងប្រើប្រាស់ឱ្យអស់​សក្តា​នុពលប្រជាសាស្ត្ររបស់កម្ពុជា ក៏ដូចជា ដើម្បីបង្កើតលក្ខខណ្ឌ សមស្របសម្រាប់ពល ករកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យក្រសួងអប់រំ យុវជន និងកីឡា បង្កើតគណៈ​កម្មការវាយតម្លៃទទួលស្គាល់អ្នកមានសមត្ថភាពចំណេះដឹង តាមរយៈការស្វ័យសិក្សា។

សម្តេចធិបតី ក៏ចង់ឱ្យក្រសួងដទៃទៀត ដូចជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ពិចារណាវាយតម្លៃទទួលស្គាល់សមត្ថភាពអ្នកស្វ័យសិក្សា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរក្សាសុខសន្តិភាព និងសាមគ្គីភាព គឺជាកត្តាចាំបាច់ក្នុងរក្សាភាពរឹងមាំរបស់ខ្មែរ និងមិនធ្វើឱ្យខ្មែរចុះខ្សោយ។

សម្តេចធិបតី ស្នើទៅអ្នកនយោបាយខ្មែរ និងថៃ កុំលូកលាន់កិច្ចការព្រំដែន សូមទុកលទ្ធភាពឱ្យអ្នកបច្ចេកធ្វើការ។
សម្តេចមហាបវរធិបតី បានថ្លែងថា កម្ពុជាចង់បានសុខសន្តិភាព តែកម្ពុជា ក៏អាចប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យ ព្រមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធផងដែរ។

សម្តេចធិបតី បានថ្លែងថា បទពិសោធន៍ឆ្នាំ២០០៨ គឺគ្រប់គ្រាន់ហើយ កុំយករឿងនយោបាយបង្កើតជាបញ្ហារវាងប្រទេស និងប្រទេស។
សម្តេចធិបតី បានថ្លែងថា រាល់ពេលមានបញ្ហាទឹកដី ជាក់ស្តែងពេលមានជម្លោះជាមួយប្រទេសថៃ មិនឃើញមុខអ្នកនយោបាយអួតស្នេហាជាតិនៅក្រៅប្រទេសនោះទេ គឺមានតែមុខត្រកូល«ហ៊ុន»ហ្នឹងឯង។

សម្តេចធិបតី បានថ្លែងថា មិនស្នេហាជាតិតែក្រុមអ្នកនយោបាយមួយក្រុមនៅក្រៅប្រទេសនោះទេ សម្តេចតេជោ, សម្តេច និងត្រកូល«ហ៊ុន»ក៏ស្នេហាជាតិដែរ។
សម្តេចធិបតី បានថ្លែងថា សារនិយាយពីផែនការដោះស្រាយបញ្ហាកសិកម្មបង្ហោះដោយលោក សម រង្ស៊ីគឺយកពី AI។

សម្តេចធិបតី អំពាវនាវទៅកងទ័ពកម្ពុជា-ថៃ រក្សាស្ថានភាពដើម ឈរជើងកន្លែង គឺនៅកន្លែងនោះដដែល។ កិច្ចការដោះស្រាយបញ្ហាព្រំដែន មិនមែនជាភារកិច្ចរបស់កងទ័ពនោះទេ។

សម្តេចធិបតី បានថ្លែងថា ការប្រើប្រាស់ថវិកាជំរុញការផ្សព្វផ្សាយលើហ្វេសប៊ុក ដើម្បីពង្រីកព័ត៌មានឱ្យដល់ដៃប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី បានបង្ហាញទិន្នន័យមេដឹកនាំនៅអាមេរិក និងលើពិភពលោកជាច្រើន សុទ្ធតែបានប្រើប្រាស់ថវិកាជំរុញការផ្សព្វផ្សាយលើហ្វេសប៊ុក ជាពិសេសនៅពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត៕

Leave a Reply

Your email address will not be published. Required fields are marked *