(ភ្នំពេញ)៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់វិន័យការងារលើលោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ដកហូតមុខតំណែងដោយបង្ខំ.ក្រោយដោះលែងទណ្ឌិតម្នាក់។
-នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី២០.០២.២០២៥។
ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបញ្ជាក់ថា៖
១-ក្រុមប្រឹក្សាវិន័យបានទទួលចាត់ការសំណុំរឿងវិន័យតាមលិខិតលេខ ១២៨២ កយ.អគ្គា/២៤ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងករណីលោកជំទាវ ពេជ ម៉ារ៉ែន ប្រធាន សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចដោះលែងដោយមានលក្ខខណ្ឌចំពោះទណ្ឌិត ១រូប ដែលត្រូវបាន តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ ពីបទ “ឃាតកម្ម” ដែលជាប្រភេទបទឧក្រិដ្ឋ។
បន្ទាប់ពីទទួលបាននូវសំណុំរឿងវិន័យនេះ, ប្រធានក្រុមប្រឹក្សាវិន័យ បានចាត់ឱ្យក្រុមអធិការកិច្ចនៃឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រម ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ និងបានធ្វើរបាយការណ៍ជូនប្រធានក្រុមប្រឹក្សាវិន័យ។
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿងវិន័យខាងលើនេះ ដោយបានអញ្ជើញលោកជំទាវ ពេជ ម៉ារ៉ែន ឱ្យចូល មកការពារខ្លួននៅចំពោះមុខក្រុមប្រឹក្សាវិន័យ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមអធិការកិច្ច ការបំភ្លឺ របស់សាមីខ្លួន ការសួរដេញដោលពីក្រុមប្រឹក្សាវិន័យ និងបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សា វិន័យបានរកឃើញថា៖
-លោកជំទាវ ពេជ ម៉ារ៉ែន បានចេញដីកាសម្រេចដោះលែងដោយមានលក្ខខណ្ឌលេខ ០៦/២០២៤ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឱ្យទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តតាកែវ តាមរយៈសាលដីកាស្ថាពរលេខ ៩២ ក្រII ណ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ របស់សាលាឧទ្ធរណភ ដែលបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ឆ្នាំ ពីបទ ឃាតកម្ម។
-ការសម្រេចដោះលែងទណ្ឌិត ដែលជាប់ទោសពីបទឃាតកម្មនេះ គឺជាការរំលោភបំពាន ទណ្ឌិតដែលលោកស្រី ពេជ ម៉ារ៉ែន ប្រធានតុលាការខេត្តតាកែវ ដោះលែងក្រោយជាប់គុកបានជាង៥ឆ្នាំ ក្នុងចំណោមទោសសរុប១១ឆ្នាំ ។
គឺជាជនម្នាក់ដែលបានសម្លាប់សង្សាររបស់ខ្លួនកាលពីដើមខែមីនា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ ប៉ាអ៊ីម៉ាក់អ៊ី ក្នុងសង្កាត់រការក្នុង ក្រុងដូនកែវ។
សូមជម្រាបថា ទណ្ឌិតដែលត្រូវដោះលែងឈ្មោះ សុខ ចន្ទលីដា អាយុជាង៣០ឆ្នាំ ។
ហើយនារីរងគ្រោះជាសង្សារឈ្មោះ យិន ស្រីដា អាយុជាង២០ឆ្នាំ ធ្វើការនៅហាងជុំមិត្ត១៦៨។
មូលហេតុដែលនាំឲ្យជននេះ សម្លាប់សង្សារនោះ គឺមកពីរឿងប្រចណ្ឌ។
ព្រោះតែរឿងនេះ លោកស្រី ពេជ ម៉ារ៉ែន ត្រូវរងទណ្ឌកម្ម ផ្លាស់ដោយបង្ខំទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ៕

