ប្រជាជនរាប់ម៉ឺននាក់ រស់នៅភាគខាងកើតនៃប្រទេសអូស្ត្រាលី ត្រូវបានឱ្យជម្លៀសខ្លួន ទៅកាន់កន្លែងមានសុវត្ថិភាព នៅមុនព្យុះស៉ីក្លូនត្រូពិក Alfred បក់បោកមកដល់ដីគោក នៅថ្ងៃសៅរ៍(ទី៨ ខែមីនា)។
ខណៈព្យុះនេះបាននាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង រលកសមុទ្រធំៗនិងខ្យល់បក់ខ្លាំងដែល បណ្ដាលឱ្យដាច់រចន្តអគ្គិសនី ហើយអាកាសយានដ្ឋានមួយចំនួនត្រូវបិទទ្វារបណ្ដោះអាសន្ន។
ប្រភពពីសារព័ត៌មាន Reuters។
ព្យុះស៉ីក្លូនត្រូពិក Alfred បាន និងកំពុងបក់បោកសន្សឹមៗឆ្ពោះទៅកាន់តំបន់ឆ្នេរ ដោយបង្កើនការព្រួយបារម្ភថាព្យុះនេះអាចនឹងធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងមានរយៈពេលវែង ។
ខណៈវាត្រូវបានរំពឹងថានឹងប្រែក្លាយជាព្យុះកម្រិតទី២ នៅពេលបក់បោកទៅដល់ភាគខាងជើងនៃទីក្រុង Brisbane ដែលជាទីក្រុង
មានប្រជាជនរស់នៅច្រើនលំដាប់ទី៣ ក្នុងប្រទេសអូស្ត្រាលី។
ការិយាល័យឧតុនិយមអូស្ត្រាលី បានឱ្យដឹងថា Alfred បានបក់បោកក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង លើតំបន់ឆ្នេរព្រំដែនរវាងរដ្ឋ Queensland និង New South Wales កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា។
គួរជម្រាបថា ព្យុះស៉ីក្លូនត្រូពិក Alfred នឹងបោកបក់ចុះមកដល់ដីគោក នៅរសៀលថ្ងៃសុក្រ ឬអាចបន្តដល់ព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
ដោយឡែក ផ្ទះជាង ២០០០ខ្នង ក្នុងទីក្រុងទេសចរណ៍ Gold Coast កំពុងគ្មានអគ្គិសនីប្រើប្រាស់៕