(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ សោម សារ៉ន អធិការស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិចំនួន ០២ថ្នាក់។
ខណៈមន្ត្រីនគរបាលមួយចំនួនទៀតក៏បានរងវិន័យក្រោមរូបភាព ព្រមានជា លាយលក្ខណ៍អក្សរលើកទី១.។
-នេះបើយោងតាម លិខិតរបស់ក្រសួងមហាផ្ទៃ ដែលជម្រាបមក អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៤.០២.២០២៥។
ក្នុងលិខិតនោះបានបញ្ជាក់ថា លោកវរសេនីយ៍ទោ សោម សារ៉ន អធិការស្រុកស្វាយទាប ពិតជាបានលក់វត្ថុតាងនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍ រួមមានរថយន្តម៉ាក Camry ឆ្លាម ចំនួន ០១គ្រឿង គោយន្ត កែច្នៃចំនួន ០១គ្រឿង បានឱ្យមន្ត្រីនគរបាលបង់ប្រាក់ចំនួន ៥០០ដុល្លារ (ប្រាំរយដុល្លារ) ជាថ្នូរនឹងការ តែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ បានឱ្យអាណាព្យាបាលរបស់ជនសង្ស័យប្រើប្រាស់គ្រឿងញៀន បង់ប្រាក់ចំនួន២០០ដុល្លារ (ពីររយដុល្លារ) ជាថ្នូរនឹងការដោះលែង បានឱ្យមន្ត្រីនគរបាលបង់ប្រាក់ចំនួន៤០០ ដុល្លារ(បួនរយដុល្លារ) ក្នុង០១បន្ទប់ ដើម្បីបានចូលបម្រើការងារក្នុងអគារថ្មី។
លិខិតដដែលបន្តថា លោក សោម សារ៉ន បានឱ្យជនជាតិបង់ក្លាដេសឆ្លងដែនខុសច្បាប់ បង់ប្រាក់ចំនួន៥,០០០ដុល្លារ (ប្រាំពាន់ដុល្លារ) ជាថ្នូរនឹងការដោះលែង ព្រមទាំងបានប្រើប្រាស់ពាក្យសំដី មិនសមរម្យទៅកាន់មន្ត្រីនគរបាលក្រោមឱវាទ ដែលទង្វើទាំងនេះបាន ប្រព្រឹត្តផ្ទុយនឹងប្រកាសលេខ ៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៣ ប្រការ១០ លេខ៣ និងលេខ ៨ និងជំពូកទី៦ ប្រការ៣២ ចំណុច ខ.លេខ៤ លេខ៥ និងលេខ២១។
ការិយាល័យបុគ្គលិក និងអធិការដ្ឋាននគរបាលស្រុកស្វាយទាប នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ពុំបានអនុវត្តតួនាទី ភារកិច្ច ឱ្យស្របតាមបែបបទ និងនីតិវិធីរដ្ឋបាល ហើយមានការបែកបាក់ សាមគ្គីភាពផ្ទៃក្នុងនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប..!។
ដូចនេះក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូន អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បី៖
១.អនុវត្តវិន័យតាមប្រកាសលេខ ៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៦ ប្រការ៣២ ដូចខាងក្រោម:
-ដាក់ទណ្ឌកម្មខាងវិន័យកម្រិតទី១ ចំពោះលោកវរសេនីយ៍ត្រី វ៉ា សំណាង អត្តលេខ ៨៧១៥៩ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ លោកអនុសេនីយ៍ឯក ផាត់ ផល អគ្គលេខ ៣១០៧០ នាយរងផ្នែក អន្តោប្រវេសន៍ និងលោកអនុសេនីយ៍ឯក កឹម ស៊ីថុន អត្តលេខ៤៨៧៨៦ នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមរូបភាពព្រមានជា លាយលក្ខណ៍អក្សរលើកទី១។
-ដាក់ទណ្ឌកម្មខាងវិន័យកម្រិតទី២ ចំពោះលោកវរសេនីយ៍ទោ សោម សារិន អត្តលេខ ៣៦៤៧៤ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមរូបភាពដុកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិចំនួន០២ថ្នាក់៕